ជំនួសឱ្យការខកចិត្ត បុគ្គលិករបស់ Twitter មួយចំនួនបានសម្ដែងការសប្បាយរីករាយ ហើយខ្លះទៀតថែមទាំងជប់លៀងនៅពេលត្រូវមហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូង លោក អ៊ីឡុន ម៉ាស (Elon Musk) បញ្ឈប់ពីការងារ។
ភ្លាមៗបន្ទាប់ពីបានចូលក្ដោបក្ដាប់បណ្ដាញសង្គម Twitter មហាសេដ្ឋី អ៊ីឡុន ម៉ាស បានចាប់ផ្ដើមសកម្មភាពជាច្រើនដើម្បីកែទម្រង់បណ្ដាញសង្គមនេះ ក្នុងនោះមានទាំងការផ្លាស់ប្ដូរតំណែងសំខាន់ៗ ក៏ដូចជាបញ្ឈប់បុគ្គលិកមួយភាគធំផងដែរ។
ដើមខែវិច្ឆិកា លោក ម៉ាស បានសម្រេចចិត្តបញ្ឈប់បុគ្គលិកជាង 50% ក្នុងចំណោមបុគ្គលិកសរុប 7,500 នាក់របស់ Twitter និងស្នើឱ្យពួកគេជ្រើសរើសរវាងការខំប្រឹងធ្វើការ និងការលាឈប់។ អ្នកដែលមិនបានឆ្លើយតបអ៊ីមេលរបស់លោក ម៉ាស តាមពេលវេលាដែលបានកំណត់ នឹងត្រូវបានចាត់ទុកថា បានទទួលយកការបញ្ឈប់ពីក្រុមហ៊ុន។
ប្រភពព័ត៌មានឱ្យដឹងថា មានបុគ្គលិកជាច្រើនសម្រេចចិត្តនៅស្ងៀម និងយល់ព្រមចាកចេញពីក្រុមហ៊ុន។ ប៉ុន្តែ ជំនួសឱ្យការខកចិត្ត បុគ្គលិករបស់ Twitter មួយចំនួនបានសម្ដែងការសប្បាយរីករាយនៅពេលពួកគេសម្រេចចិត្តលាឈប់ពីក្រុមហ៊ុន។
បុគ្គលិកជាច្រើនបានបង្ហោះរូបថត និងវីដេអូលើបណ្ដាញសង្គម បង្ហាញអំពីទិដ្ឋភាពពួកគេរាប់ថយក្រោយរហូតដល់វិនាទីចុងក្រោយដែលត្រូវឆ្លើយតបអ៊ីមេលរបស់លោក ម៉ាស។ បុគ្គលិកខ្លះថែមទាំងជប់លៀងទៀតផង នៅពេលត្រូវ CEO របស់ Tesla បញ្ឈប់ពីការងារ។
តាមការគណនា បុគ្គលិករបស់បណ្ដាញសង្គម Twitter ប្រហែល 1,200 នាក់ បានសម្រេចចិត្តទទួលយកការបញ្ឈប់ពីមហាសេដ្ឋី អ៊ីឡុន ម៉ាស៕