ផ្កាយរណប Landsat 9 របស់ ណាសា (NASA) ថតរូបកីឡដ្ឋានថ្មីមួយចំនួននៅជុំវិញ រដ្ឋធានីដូហា របស់ ប្រទេសកាតា ជាទីដែលកំពុងប្រារព្ធព្រឹត្តិការណ៍បាល់ទាត់ World Cup 2022។
ក្រុមបាល់ទាត់ជម្រើសជាតិទាំង 32 និងអ្នកគាំទ្រជាង 1 លាននាក់ បានសម្រុកទៅកាន់ ប្រទេសកាតា នៅក្នុងខែវិច្ឆិកា 2022 ដើម្បីចូលរួមព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក។ ទីតាំងប្រកួត World Cup រដូវកាលនេះគឺ ដូហា ដែលជារដ្ឋធានីរបស់ កាតា ស្ថិតនៅតាមតំបន់ឆ្នេរនៃឈូងសមុទ្រពែក្ស (Persian Gulf) ភាគខាងកើតប្រទេសនេះ។
រូបភាពធម្មជាតិរបស់ ដូហា ត្រូវបានថតកាលពីថ្ងៃទី 13 វិច្ឆិកា 2022 ដោយឧបករណ៍ Operational Land Imager-2 (OLI-2) នៅលើផ្កាយរណប Landsat 9 របស់ ទីភ្នាក់ងារអវកាសអាម៉េរិក (ណាសា)។
កីឡដ្ឋានទាំងឡាយស្ថិតក្នុងចំណោមសំណង់ដែលងាយមើលឃើញបំផុតរាប់ចាប់ពីឆ្នាំ 2010 ជាពេលដែល កាតា ត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះសម្រាប់ World Cup 2022។
កីឡដ្ឋានសម្រាប់ World Cup រដូវកាលនេះ មានចំនួន 8 ក្នុងនោះ មាន 7 ត្រូវបានសាងសង់ពីឆ្នាំ 2010។ ទាំងអស់សុទ្ធតែស្ថិតនៅក្នុងរង្វង់អង្កត់ផ្ចិត 54 គីឡូម៉ែត្រ ជុំវិញ រដ្ឋធានីដូហា ធ្វើឱ្យ World Cup 2022 ក្លាយជាព្រឹត្តិការណ៍ដែលមានទីតាំងប្រកួតនៅផ្ដុំគ្នាបំផុតរាប់ចាប់ពីឆ្នាំ 1930៕