Skip to content

(World Cup 2022)-អ្នកសារព័ត៌មាន​អាម៉េរិក ថា ត្រូវ​អាជ្ញាធរ​កាតា ស្នើឱ្យ​ដោះអាវ​ពេល​ចូល​ទស្សនា​ការប្រកួត

អ្នកសារព័ត៌មាន​អាម៉េរិក Wahl បានឱ្យដឹងថា គាត់​ត្រូវបាន​គេ​បង្ខំ​ឱ្យ​ដោះអាវ​ដែលមាន​រូប​ឥន្ទធនូ ដែលជា​និមិត្តសញ្ញា​គាំទ្រ​សហគមន៍​ភេទ​ទី​បី នៅពេល​ទៅ​ទស្សនា​ការប្រកួត​បាល់ទាត់ World Cup នៅ ប្រទេស​កាតា។

Grant Wahl អ្នកសារព័ត៌មាន​អាម៉េរិក ដែល​ធ្លាប់ធ្វើ​ការឱ្យ Sports Illustrated ហើយ​បច្ចុប្បន្ន​មាន​គេហទំព័រ​ផ្ទាល់ខ្លួន បានឱ្យដឹងថា គាត់​ត្រូវបាន​ឃាត់ខ្លួន​ក្នុង​រយៈពេល​ខ្លី​នៅ​ខាងក្រៅ​កីឡដ្ឋាន​នៅ កាតា ព្រោះតែ​ពាក់អាវ​មាន​រូប​ឥន្ទធនូ​ដែល​គាំទ្រ​ដល់​សហគមន៍​ភេទ​ទី​បី (LGBTQ)។

លោក Wahl ប្រាប់ថា កម្លាំង​សន្តិសុខ​របស់ World Cup មិន​អនុញ្ញាតឱ្យ​គាត់​ចូល​ទស្សនា​ការប្រកួតរ​វាង ក្រុម​ជម្រើសជាតិ​អាម៉េរិក និង រាជាណាចក្រ Wales នៅ​កីឡដ្ឋាន Ahmad Bin Ali ក្នុង​តំបន់ Al Rayyan និង​បាន​ស្នើឱ្យ​គាត់​ដោះអាវ​នោះ​ចេញ។ Wahl ក៏បាន​និយាយថា ទូរស័ព្ទ​របស់គាត់​ត្រូវគេ​រឹបអូស​នៅពេល​គាត់​បង្ហោះ​ហេតុការណ៍​នេះ​នៅលើ Twitter។

យោងតាម​លោក Wahl មេ​សន្តិសុខ​ម្នាក់ ក្រោយមក​ក៏បាន​រក​គាត់ និង​បាន​សូម​អភ័យទោស ហើយ​អនុញ្ញាតឱ្យ​គាត់​ចូលទៅក្នុង​កីឡដ្ឋាន។ លោក Wahl ក៏បាន​ឱ្យដឹងថា បានទទួល​បានការ​សូម​អភ័យទោស​ពី​តំណាង​របស់ FIFA ផងដែរ។

ក្រុម​សន្តិសុខ​នៅកីឡដ្ឋាន​របស់ កាតា

ទាក់ទិន​នឹង​ហេតុការណ៍​ខាងលើ មកដល់​បច្ចុប្បន្ន ភាគី​ខាង FIFA មិនទាន់មាន​ប្រតិកម្ម​ឆ្លើយតប​បែបណា​នៅឡើយ។

កាតា ចាត់ទុក​ស្នេហា​របស់​មនុស្ស​ភេទ​ដូចគ្នា​គឺជា «រឿង​ខុសច្បាប់»។ ច្បាប់​របស់ កាតា ចែងថា គូស្នេហ៍​មនុស្ស​ភេទ​ដូចគ្នា​អាច​ត្រូវបាន​ពិន័យ​ជា​ប្រាក់ និង​ដាក់ពន្ធនាគារ។ រដ្ឋាភិបាល​កាតា ក៏​មិន​ទទួលស្គាល់​អាពាហ៍ពិពាហ៍​មនុស្ស​ភេទ​ដូចគ្នា ក៏ដូចជា​សកម្មភាព​គាំទ្រ​សិទ្ធិ​របស់​សហគមន៍ LGBTQ៕

Leave a Reply

Your email address will not be published. Required fields are marked *