ក្រោយសាងសង់រួចរាល់នៅឆ្នាំ 2030 កោះថាមពលដែលមានទុនវិនិយោគ 34 ពាន់លានដុល្លារអាម៉េរិកនេះ អាចផ្គត់ផ្គង់អគ្គិសនីតាមតម្រូវការរបស់មនុស្ស 10 លានគ្រួសារនៅ អឺរ៉ុប។
កោះសិប្បនិម្មិតដែល ប្រទេសដាណឺម៉ាក កំពុងសាងសង់នេះ អាចដាក់ទួរប៊ីនខ្យល់ខ្នាតយក្ស កម្ពស់ 260 ម៉ែត្រចំនួន 600 គ្រឿង។ កោះនេះធំប៉ុនទីលានបាល់ទាត់ចំនួន 18 បូកចូលគ្នា និងស្ថិតនៅចម្ងាយពីឧបទ្វីប Jutland 80 គីឡូម៉ែត្រទៅទិសខាងលិច ដើម្បីប្រើប្រាស់កម្លាំងខ្យល់នៅលើសមុទ្រឱ្យបានជាអតិបរមា។
តាមផែនការរបស់ រដ្ឋាភិបាលដាណឺម៉ាក គម្រោងនេះនឹងត្រូវធ្វើឱ្យរួចរាល់នៅឆ្នាំ 2030។ កោះសិប្បនិម្មិតនេះនឹងផ្គត់ផ្គង់អគ្គិសនីបានច្រើនជាងទ្វេដង ឬ 3 ដងនៅក្នុងអនាគត ធៀបនឹងបរិមាណអគ្គិសនីដែល ដាណឺម៉ាក់ ផលិតបានពីបណ្ដាស្ថានីយនៅលើសមុទ្រនាបច្ចុប្បន្ន និងខ្ពស់ជា 1.5 ដង ធៀបនឹងបរិមាណអគ្គិសនីដែលប្រទេសនេះប្រើប្រាស់ក្នុងមួយឆ្នាំ ដែលនេះអាចផ្គត់ផ្គង់តាមតម្រូវការរបស់មនុស្ស 10 លានគ្រួសារនៅ អឺរ៉ុប។
កោះសិប្បនិម្មិតនេះក៏មានថ្មសម្រាប់ផ្ទុកថាមពលអគ្គិសនី និងរោងចក្រអេឡិចត្រូលីស (electrolysis plant) សម្រាប់ផលិតអ៊ីដ្រូបៃតងផងដែរ។
សហភាពអឺរ៉ុប ក៏កំពុងមានគម្រោងបង្កើនការផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់នៅលើសមុទ្រពី 12 GW នាបច្ចុប្បន្ន ឱ្យឡើងដល់ 300 GW នៅឆ្នាំ 2050។ កោះថាមពលខាងលើរបស់ ដាណឺម៉ាក អាចជាជំហានដ៏ធំមួយឆ្ពោះទៅរកគោលដៅនោះ។ ឆ្នាំ 2040 អគ្គិសនីផលិតពីកម្លាំងខ្យល់លើសមុទ្រអាចផ្គត់ផ្គង់តាមតម្រូវការរបស់មនុស្ស 150 លានគ្រួសារនៅពាសពេញ ទ្វីបអឺរ៉ុប៕