ថ្មផ្ទុកថាមពលត្រូវបានគេចាត់ទុកថាជាកត្តា «ស្លាប់រស់» នៅក្នុងការអភិវឌ្ឍរថយន្តដើរដោយអគ្គិសនី ខណៈដែលស្ថានភាពខ្វះប្រភពផ្គត់ផ្គង់ត្រូវបានគេព្យាករថានឹងមានសភាពធ្ងន់ធ្ងរក្នុងរយៈពេលច្រើនឆ្នាំខាងមុខ។
មហាសេដ្ឋីវៀតណាម ហ្វាំ ញឹត វឿង សង់រោងចក្រផលិតថ្មផ្ទុកថាមពល 2 កន្លែង តម្លៃរាប់រយលានដុល្លារអាម៉េរិក
ថ្មីៗនេះ ក្រុមហ៊ុន VinES និងក្រុមហ៊ុន Gotion, Inc. បានចាប់ផ្ដើមអនុវត្តគម្រោងសង់រោងចក្រផលិតថ្មផ្ទុកថាមពលសម្រាប់រថយន្តអគ្គិសនីនៅ ប្រទេសវៀតណាម។
គម្រោងនេះមានទុនសរុប 275 លានដុល្លារអាម៉េរិក លើផ្ទៃដីទំហំ 14 ហិកតា និងអាចផលិតថ្មដែលអាចផ្ទុកអគ្គិសនីបាន 5 GWh/ឆ្នាំ ស្មើនឹងថ្មចំនួន 30 លាន cell ក្នុងមួយឆ្នាំ។ តាមផែនការ រោងចក្រនេះនឹងចាប់ផ្ដើមដំណើរការផលិតក្នុងបរិមាណច្រើនចាប់ពីត្រីមាសទី 3 ឆ្នាំ 2024 និងក្លាយជារោងចក្រផលិតថ្ម LFP ដំបូងនៅ វៀតណាម ដែលនេះក៏រួមចំណែកក្នុងការបង្កើតការងាររាប់រយកន្លែងសម្រាប់ប្រជាជនក្នុងតំបន់។
មុននោះ កាលពីខែធ្នូ 2021 VinES បានបើកការដ្ឋានសាងសង់រោងចក្រផលិត និងវេចខ្ចប់ប្រអប់ថ្មមួយនៅលើផ្ទៃដី 8 ហិកតា សម្រាប់ដំណាក់កាលដំបូង ដែលអាចផលិតប្រអប់ថ្មបាន 100,000 ក្នុងមួយឆ្នាំ ដោយចំណាយដើមទុនប្រហែល 160 លានដុល្លារអាម៉េរិក។ បច្ចុប្បន្នការងារសាងសង់រោងចក្រនេះកំពុងស្ថិតក្នុងដំណាក់កាលបង្ហើយចុងក្រោយ មុនពេលដាក់ឱ្យដំណើរការចាប់ពីខែធ្នូ 2022 ដើម្បីផ្គត់ផ្គង់ថ្ម Lithium សម្រាប់រថយន្តអគ្គិសនី VinFast។
យោងតាមមេដឹកនាំក្រុមហ៊ុន VinES ក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នាជាមួយនឹង Gotion គឺជាផ្នែកមួយដ៏សំខាន់ក្នុងយុទ្ធសាស្ត្រ «ម្ចាស់ការ» ស្ដីពីប្រភពផ្គត់ផ្គង់ថ្មផ្ទុកអគ្គិសនីសម្រាប់រថយន្ត VinFast និងយុទ្ធសាស្ត្រក្លាយជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកថាមពលរបស់ VinES ក៏ដូចជាយុទ្ធសាស្ត្រ «មុម 3» នៃក្រុមហ៊ុន Vingroup របស់ មហាសេដ្ឋីវៀតណាម ហ្វាម ញឹត វឿង (Pham Nhat Vuong)។
ពិភពលោកកំពុងតែខ្វះថ្មផ្ទុកថាមពលសម្រាប់រថយន្តអគ្គិសនី
វិស័យឧស្សាហកម្មរថយន្តកំពុងតែមានការប្រែប្រួលយ៉ាងខ្លាំងក្លា ក្នុងគ្រាដែលរថយន្តដើរដោយប្រេងឥន្ធនៈហ្វូស៊ីល កំពុងតែត្រូវបានបង្ខំឱ្យ «ចាកចេញ» បន្តិចម្ដងៗ ហើយទុកកន្លែងសម្រាប់រថយន្តអគ្គិសនី (EV)។ យោងតាម អង្គការថាមពលអន្តរជាតិ (IEA) បរិមាណរថយន្តអគ្គិសនីដែលលក់ចេញក្នុងទីផ្សារត្រូវបានព្យាករថានឹងកើនឡើងខ្ពស់ខ្លាំងក្នុងឆ្នាំ 2022 ពោលគឺនឹងឡើងដល់ 13% នៅទូទាំងពិភពលោក។
ក្នុងការផលិតរថយន្តអគ្គិសនី គេមិនអាចមិននិយាយដល់បច្ចេកវិទ្យាស្នូលរបស់រថយន្តប្រភេទនេះ នោះគឺថ្មផ្ទុកថាមពល ព្រោះវាមានចំណែករហូតដល់ 1/3 នៅក្នុងការចំណាយសរុបសម្រាប់ការផលិតរថយន្តអគ្គិសនីមួយគ្រឿង។ ថ្មផ្ទុកអគ្គិសនីបច្ចុប្បន្ន កំពុងខ្វះក្នុងបរិមាណច្រើន ហើយគ្រោងនឹងខ្វះច្រើនបន្ថែមទៀតនៅពេលបណ្ដាក្រុមហ៊ុនផលិតរថយន្ត នាំគ្នាបោះបង់ម៉ាស៊ីនចំហេះក្នុង។
មូលហេតុទាំងឡាយខាងលើនេះហើយ បាន និងកំពុងជំរុញឱ្យ មហាសេដ្ឋីវៀតណាម ក៏ដូចជាក្រុមហ៊ុន Vingroup ផ្ដោតសំខាន់ទៅលើការផលិតថ្មផ្ទុកថាមពលសម្រាប់រថយន្តអគ្គិសនី៕