ការបណ្តុះភាពជាអ្នកដឹកនាំជារឿងសំខាន់សម្រាប់មនុស្សគ្រប់គ្នា និងសម្រាប់ស្ថាប័ន ទាំងឯកជន និងស្ថាប័នសាធារណៈ។ ការបណ្តុះភាពជាអ្នកដឹកនាំ ចាំបាច់ត្រូវមានលក្ខណៈប្រាកដនិយម ឬមានច្បាស់លាស់ដែលអាចជំរុញឱ្យមានការបន្តវេនដ៏ល្អចំពោះអ្នកជំនាន់ក្រោយ។់ក្រោយ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុនថ្នាំពណ៌ជាតិ Cam-Paint បានលើកឡើងថា ស្ថាប័នដែលរីកចម្រើនត្រូវការបុគ្គលិកដែលមានភាពជាអ្នកដឹកនាំ ព្រោះថានៅពេលដែលបុគ្គលិកម្នាក់ៗមានភាពជាអ្នកដឹកនាំ នៅពេលនៅដំណើរការនៃក្រុមហ៊ុន ឬស្ថាប័ននឹងបន្តអភិវឌ្ឍ ព្រោះម្នាក់ៗសុទ្ធតែមានម្ចាស់ការ និងគំនិតច្នៃប្រឌិត ហើយប្រើអស់សក្តានុពលដើម្បីធ្វើការងាររួមគ្នា។
លោក សោម សម្បត្តិ បានមានប្រសាសន៍ថា៖ «អាជីវកម្មដែលរឹងមាំ ជាអាជីវកម្មដែលមានចក្ខុវិស័យវែងឆ្ងាយ ព្រោះអ្នកដឹកនាំនៃស្ថាប័ននោះជាអ្នកដែលពូកែរក្សានូវក្បួនទុកសម្រាប់បណ្តុះបណ្តាលដល់បុគ្គលិកគ្រប់គ្នាឱ្យមានភាពជាអ្នកដឹកនាំ»។
លោក សោម សម្បត្តិ បានបន្តទៀតថា មនុស្សទុកចំណេះដឹងនៅ 2កន្លែង គឺទី1 ទុកនៅក្នុងខ្លួន និងទី2 គឺទុកនៅក្នុងក្បួន ហេតុនេះចំណុចសំខាន់របស់អ្នកដឹកនាំដែលមានទស្សនវែងឆ្ងាយគឺ ចេះពង្រឹងចំណេះក្នុងខ្លួនឱ្យខ្លាំង បន្ទាប់មកចងក្រងជាក្បួន។ លោកបានលើកឡើងផងដែរថា បើអ្នកដឹកនាំក្រុមហ៊ុនបានបង្កើតក្បួនត្រឹមត្រូវ ក្រុមហ៊ុន ឬស្ថាប័ននោះនឹងក្លាយជាស្ថាប័នដែលរឹងមាំ ហើយក្រោយពេលដែលអស់ពីអ្នកដឹកនាំណាម្នាក់ទៅ អ្នកដទៃទៀតក៏អាចមានសមត្ថភាពក្នុងការអភិវឌ្ឍក្រុមហ៊ុនឱ្យខ្លាំងបានដែរ។
លើសពីនេះទៅទៀតសហគ្រិនខាងលើបានសង្កត់ធ្ងន់ផងដែរទៅលើការកសាងផ្នែកភាពជាអ្នកដឹកនាំនៅក្នុងក្រុមហ៊ុនថា ប្រសិនបើក្រុមហ៊ុនចេះអភិវឌ្ឍធនធានមនុស្ស ហើយមានផ្នែកអភិវឌ្ឍធនធានមនុស្សល្អ នោះបុគ្គលិកម្នាក់ៗនឹងរួមចំណែកបង្កើតលុយរាប់លានដើម្បីជោគជ័យទាំងអស់គ្នា តែបើគ្មានផ្នែកអភិវឌ្ឍធនធានមនុស្សត្រឹមត្រូវទេនោះ ស្ថាប័មួយអាចប្រឈមនឹងការខាតបង់៕