«គម្រោងសាងសង់ផ្លូវជាតិលេខ 48 សម្រេចវឌ្ឍនភាពការងារបាន 11.76% ហើយ» នេះបើតាម ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះផ្សាយកាលពីថ្ងៃទី 21 វិច្ឆិកា 2022 បន្ទាប់ពី ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកជានាយកគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ 48 បានដឹកនាំមន្ត្រីជំនាញក្រសួង និងភាគីពាក់ព័ន្ធ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវជាតិលេខ 48។
ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យតាមដានពីស្ថានភាពវិវឌ្ឍនជាក់ស្ដែងក្នុងការដ្ឋានសង់សង់ផ្លូវជាតិលេខ 48 ដែលអនុវត្តការសាងសង់ដោយក្រុមហ៊ុនកូរ៉េ IL SUNG & HANIL Joint Venture និងដើម្បីអាចឱ្យក្រុមការងារអនុវត្តគម្រោងរៀបចំផែនការសកម្មភាពបន្ទាប់ សំដៅពន្លឿនការសាងសង់ឱ្យសម្រេចបញ្ចប់តាមផែនការដែលបានកំណត់។
យោងតាម ក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា 2022 គម្រោងសាងសង់ផ្លូវជាតិលេខ 48 ដែលចាប់ផ្ដើមពីចំណុចភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ខាងលើនេះ សម្រេចវឌ្ឍនភាពការងារបាន 11.76%៕
គម្រោងសាងសង់ផ្លូវជាតិលេខ 48 ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ 2024 ចំណាយថវិកាសរុបប្រមាណជាង 65 លានដុល្លារអាមេរិក។ ផ្លូវនេះបែងចែកជា 2 គន្លង ប្រវែង ជាង 122 គីឡូម៉ែត្រ និងផ្លូវ 4 គន្លងមានប្រវែងជាង 25 គីឡូម៉ែត្រ៕