ក្មេងៗជាអនាគតធនធានមនុស្សយ៉ាងសំខាន់របស់សង្គម ហើយនៅពេលដែលក្មេងតូចត្រូវបានអភិវឌ្ឍបានល្អ ពួកគេនឹងអាចក្លាយជាមនុស្សដែលពោរពេញទៅដោយសមត្ថភាពលើគ្រប់ផ្នែក ឬអាចក្លាយជាសម្រេចក្តីស្រមៃឪពុកម្តាយបានយ៉ាងល្អបំផុត។
ដើម្បីអភិវឌ្ឍសមត្ថភាពក្មេង ការអាន ជាគន្លឹះសំខាន់មួយដែលមិនអាចខ្វះបានសម្រាប់ពួកគេ ព្រោះថានៅពេលដែលពួកគេចាប់ផ្តើមចេះអាន ឬចូលចិត្តអាន ពួកគេនឹងអាចទទួលបាននូវប្រយោជន៍ជាច្រើនពីតម្លៃអប់រំនៃមេរៀននោះ។
កញ្ញា ហ៊ីង ស្រីរ័ត្ន អ្នកនិពន្ធសៀវភៅកុមារសម្រាប់គ្រឹះស្ថានបោះពុម្ពផ្សាយមួយចំនួននៅកម្ពុជា បាន ប្រាប់ថា កុមារមានគំនិតប្លែកខុសពី មនុស្សធំ ហើយពេលខ្លះការដោះស្រាយបញ្ហាបែបកុមារអាចធ្វើឱ្យមនុស្សធំមានការភ្ញាក់ផ្អើល។ ការតែងនិពន្ធសៀវភៅរឿងសម្រាប់កុមារគឺត្រូវទាមទារឱ្យមានដំណោះស្រាយបញ្ហាដែលត្រូវបានបង្កើតឡើងដោយអ្នកនិពន្ធ តែពេលខ្លះអ្នកនិពន្ធមិនអាចឆ្លើយបានល្អបំផុតនោះទេសម្រាប់ការបញ្ចប់រឿងរបស់ខ្លួន។ ហេតុនេះអ្នកនិពន្ធត្រូវចូលទៅជិតកុមារបំផុតដើម្បីធ្វើការសាកសួរ ហើយដកស្រង់យកគំនិតដែលប្លែក ឬល្អបំផុតដែលខ្លួននឹកស្មានមិនដល់ដើម្បីអប់រំដល់កុមារជាច្រើនផ្សេងទៀតដែលបានអាន។
កញ្ញា ស្រីរ័ត្ន បាននិយាយថា៖ “នៅពេលដែលកុមាររីករាយជាមួយនឹងការ អាន និងចេះវិធីសាស្ត្រដោះស្រាយបញ្ហាបានល្អ ពួកគេនឹងយកសកម្មភាពទាំងអស់នេះទៅអនុវត្តក្នុងការរស់នៅរបស់គេ ដែលធ្វើឱ្យពួកគេចេះដោះស្រាយបញ្ហាបានល្អបំផុត ឬដកស្រង់គំនិតទាំងអស់នេះជាមូលដ្ឋានដើម្បីបង្កើតដំណោះស្រាយថ្មីៗប្រកបដោយភាពឆ្លាតវៃ ដែលគ្រប់គ្នា នឹកស្មានមិនដល់»។
បើតាមអ្នកនិពន្ធវ័យក្មេងខាងលើ ការ បណ្តុះ គំនិតច្នៃប្រឌិត និងភាពវៃឆ្លាតរបស់ កុមារកម្ពុជា ជាការកសាងគ្រឹះមួយយ៉ាងរឹងមាំសម្រាប់អនាគតរបស់យុវជននៅក្នុងសង្គម។
ស្រដៀងគ្នានេះដែរ លោក ឈូ ជីនិត អ្នកនិពន្ធសៀវភៅកុមារបានលើកឡើងថា សៀវភៅអប់រំសម្រាប់កុមារមានគុណតម្លៃខ្ពស់ដើម្បីបណ្តុះផ្នត់គំនិត និងចរិតលក្ខណៈឱ្យកុមារចេះយល់ដឹងដោយខ្លួនឯងនូវទង្វើទាំងឡាយណាដែលគួរធ្វើ និងទង្វើទាំងឡាយណាដែលមិនគួរធ្វើ។ ជាធម្មតាកុមារៗដែលចូលចិត្តអានសៀវភៅ គឺជាកុមារក្លាហាន និងមានភាពវៃឆ្លាតជាងកុមារដែលមិនចូលចិត្តអាន។ គំនិតរបស់កុមារដែលធ្លាប់បានអានមានលក្ខណៈទូលំទូលាយ និងមានទម្លាប់ល្អជាងកុមារដែលមិនចូលចិត្តអានសៀវភៅ៕