ដោយការប្រើប្រាស់បច្ចេកវិទ្យា ប្រជាកសិករនៅដែនដីសណ្ដទន្លេមេគង្គ នៃទឹកដីកម្ពុជាក្រោម (វៀតណាមខាងត្បូង) ពេលនេះអាច «អង្គុយគងអន្ទាក់ខ្លាមើលស្រូវលូតលាស់» ដោយសារអាចកាត់បន្ថយការចំណាយកម្លាំងបានច្រើននៅឯវាលស្រែ។
ប៉ុន្មានឆ្នាំមកនេះ យន្តហោះគ្មានមនុស្សបើកបរ (ដ្រូន-drone) សម្រាប់វិស័យកសិកម្ម ដែលជាឧបករណ៍បច្ចេកវិទ្យាលំដាប់ខ្ពស់ កំពុងទទួលបានការនិយមប្រើប្រាស់នៅតំបន់ដែនដីសណ្ដទន្លេមេគង្គ ដែលស្ថិតក្នុងដែនដីកម្ពុជាក្រោម (វៀតណាមខាងត្បូង)។
បច្ចុប្បន្ន យន្តហោះដ្រូនត្រូវបានកែលំអ និងបំពាក់មុខងារច្រើន ដូចជា មុខងារបាចជី បាញ់ថ្នាំការពារស្រូវ រុក្ខជាតិ និងជំនួសមនុស្សក្នុងការសាបព្រោះស្រូវជាដើម។
លោក ឡេ ថាញ់ ង្វៀន អាយុ 62 ឆ្នាំ នៅ វៀតណាមខាងត្បូង ឱ្យដឹងថា គាត់បានប្រើប្រាស់ដ្រូន XAG ដើម្បីធ្វើស្រែទំហំ 7 ហិកតា។ គាត់ប្រាប់ថា ក្នុងរយៈពេលជាង 40 ឆ្នាំមកនេះ គាត់ធ្វើស្រែតាមរបៀបប្រពៃណី។ ពេលនេះ ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា បានជួយឱ្យគាត់កាត់បន្ថយការលំបាកបានយ៉ាងច្រើន។
ចំណែកកសិករម្នាក់ទៀតឈ្មោះ ង្វៀន វ៉ាន់ ហ្វឿង ដែលធ្វើស្រែ 40 ហិកតា បានឱ្យដឹងថា នេះគឺជារដូវទី 6 ហើយដែលគាត់ប្រើប្រាស់ដ្រូនដើម្បីបាញ់ថ្នាំការពារស្រូវ។
«កាលពីមុន ខ្ញុំធ្វើស្រែតែ 3 ហិកតា បាញ់ថ្នាំការពារស្រូវតាមបែបប្រពៃណី ត្រូវចំណាយពេលវេលា និងកម្លាំងច្រើន។ បច្ចុប្បន្ន ដោយសារមានឧបករណ៍ហោះហើរនេះ ខ្ញុំបានស្រួលខ្លួនណាស់» លោក ហ្វឿងប្រាប់ដូច្នេះ។
ខេត្តដុងថាប (Dong Thap) គឺជាតំបន់ដំបូងរបស់ ប្រទេសវៀតណាម ដែលត្រូវបានជ្រើសរើសជាកន្លែងសម្រាប់កសាង និងអនុវត្តគម្រោងស្ដារកសិកម្ម។ ប៉ុន្មានឆ្នាំកន្លងទៅនេះ បណ្ដាក្រុមហ៊ុន អាជ្ញាធរ និងប្រជាកសិករនៅ ដុងថាប បានពឹងផ្អែក និងសង្ឃឹមច្រើនទៅលើឧបករណ៍បច្ចេកវិទ្យាស្វ័យប្រវត្តដែលនាំមកនូវប្រសិទ្ធភាពខ្ពស់ក្នុងការសាបព្រោះបណ្ដុះដាំ៕