បច្ចុប្បន្នមានបុគ្គលជាច្រើនតែងតែចង់ក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យ។ លោកបណ្ឌិត តាន់ មុនីវណ្ណ លើកឡើងថា វាមិនមែនរឿងងាយស្រួលនោះទេ ដើម្បីក្លាយជាបុគ្គលដ៏អស្ចារ្យ ក្រៅពីត្រូវមានគតិបណ្ឌិតអស្ចារ្យ បុគ្គលម្នាក់នោះក៏ត្រូវមានសកម្មភាពអស្ចារ្យ ឬល្អជាងអ្នកដទៃផងដែរ។ តើធ្វើដូចម្ដេចដើម្បីមានចំណុចពិសេសទាំងនេះ?
លោកបណ្ឌិត តាន់ មុនីវណ្ណ បញ្ជាក់ដើម្បីក្លាយខ្លួនជាអ្នកបុគ្គលមានគតិបណ្ឌិតអស្ចារ្យ និងមានសកម្មភាពអស្ចារ្យ មិនមែនយើងត្រូវធ្វើនៅពាក់កណ្ដាលអាយុនោះទេ។ នៅប្រទេសជឿនលឿននៅពេលគេឱ្យតម្លៃបុគ្គលម្នាក់អស្ចារ្យគេត្រូវពិនិត្យមើលទង្វើររបស់គាត់តាំងពីក្មេងមកម្ល៉េះ។ ប្រសិនបើយើងធ្វើអ្វីមិនល្អ យើងនឹងមិនអាចក្លាយជាបុគ្គលដ៏អស្ចារ្យបានឡើយ ដូច្នេះអ្នកជំនាន់ក្រោយគួរតែសំអាតគំនិតពីក្មេងឱ្យបានល្អជា មុននឹងត្រូវគិតលើបញ្ហានេះឱ្យច្បាស់លាស់។
លោកបណ្ឌិតបន្ដថា៖ «ដូចជារូបខ្ញុំ នៅពីក្មេងមិនមែនជាមនុស្សល្អពេកទេ តែខ្ញុំបានកំណត់ខ្លួនឯងតាំងពីក្មេងមកថា មិនចង់ធ្វើអ្វីខុស ហើយអ្វីធ្វើឱ្យខ្ញុំមិនបានល្អឥតខ្ចោះពីក្មេងនោះ មិនមែនមកពីខ្ញុំមិនបានគិតទេ គឺដោយសារតែខ្ញុំមានការចេះដឹងតិច ឬកម្រិតជីវភាពមានការខ្វះចន្លោះ តែយ៉ាងហោចណាស់ខ្ញុំបានព្យាយាមធ្វើអ្វីមិនឱ្យរំលងផ្លូវច្បាប់ដែរ»។
ទោះជាយ៉ាងណាលោកបណ្ឌិត តាន់ មុនីវណ្ណ បញ្ជាក់ថា យោងតាមស្ថាភាពបច្ចុប្បន្ន ពាក់ព័ន្ធសមត្ថភាព ប្រជាជនកម្ពុជាអាចនឹងពិបាកក្លាយខ្លួនជាបុគ្គល ឬអ្នកដឹកនាំដ៏អស្ចារ្យបានណាស់។ ប៉ុន្ដែមិនមែនមានន័យថា បុគ្គលទាំងអស់នោះមិនអាចធ្វើសម្មភាពល្អបាន ឬមិនអាចបំពេញនូវចំណុចខាងលើមិនបានខ្លះនោះទេ។ ឧទារហណ៍ដូចជារូបលោករស់នៅឈរលើគោលការណ៍ត្រឹមត្រូវរបស់ខ្លួន ដូច្នេះទោះមានមិត្ដភ័ក្ដិ ឬអ្នកផ្សេងទាញលោកដើរចេញពីគោលការណ៍ដែលយល់ថា មិនត្រឹមត្រូវគឺលោកមិនធ្វើជាដាច់ខាត ។ ប្រជាជនកម្ពុជាមិនទាន់អាចក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យបានគឺមិនមែនជាកំហុសរបស់នរណាម្នាក់។
ជាមួយគ្នានេះលោកបណ្ឌិតបញ្ជាក់ថា នៅក្នុងភាសាជាសាកលមនុស្ស ឬបុគ្គលដែលអស្ចារ្យមិនមែនសំដៅលើមនុស្សមានទ្រព្យសម្បត្ដិនោះទេ។ មនុស្សមានកន្លែងរស់នៅល្អ មានហូបចុកគ្រប់គ្រាន់នោះជារឿងគ្រប់គ្រាន់សម្រាប់មនុស្សទៅហើយ។
លោកបន្ដថា៖ «នៅក្នុងសង្គមមនុស្សប្រសិនបើយើងយល់ខុសថា លុយកាក់ អំណាច ឬអ្វីផ្សេងអស្ចារ្យគឺសង្គមគ្មានក្ដីសុខទេ។ ភាពអស្ចារ្យសម្រាប់ខ្ញុំ ហើយសាកលលោកក៏ត្រូវការដែរនោះគឺសកម្មភាពនៃភាពត្រឹមត្រូវ និងក្រមសីលធម៌របស់ខ្លួនយើង។ ជាការគិតសម្រាប់ខ្ញុំ ខ្ញុំតែងអភ័យទោសឱ្យអ្នកដទៃច្រើនបើគាត់មិនចេះគឺគាត់ធ្វើខុស តែចំពោះខ្លួនខ្ញុំ គឺខ្ញុំមិនងាយអភ័យទោសឱ្យខ្លួនឯងទេ ប្រសិនបើខ្ញុំធ្វើខុសប្រាប់ខ្លួនឯងថា កំហុសនេះមិនគួរឱ្យកើតមានម្ដងទៀតឡើយ »៕