បណ្ដាក្រុមហ៊ុនអាស៊ី បានចំណាយប្រាក់យ៉ាងច្រើនដើម្បីយកឈ្នះលើក្រុមម្ចាស់ឧបត្ថម្ភរបស់លោកខាងលិចនៅក្នុងរដូវកាលប្រកួតបាល់ទាត់ពិភពលោក (World Cup) ដែលជិតធ្វើឡើងនៅ ប្រទេសកាតា។
ទ្វីបអាស៊ី ពីមុនមក មិនធ្លាប់បានបង្ហាញវត្តមានច្រើនដូចនៅ World Cup លើកនេះ ទាំងក្នុង និងក្រៅទីលានបាល់ទាត់។ ក្រុមបាល់ទាត់ 6 ក្រុមរបស់ អាស៊ី ក្នុងចំណោម 32 ក្រុម នឹងប្រកួតនៅ World Cup 2022 ដែលនេះគឺជាតួលេខច្រើនជាងពេលណាៗទាំងអស់។ ចំណែកនៅក្រៅទីលានប្រកួត បណ្ដាក្រុមហ៊ុនរបស់ អាស៊ី មានរហូតដល់ 9 ស្ថាប័ន ក្នុងចំណោមដៃគូសហការ និងម្ចាស់ឧបត្ថម្ភទាំង 14 ស្ថាប័នរបស់ FIFA នារដូវកាលនេះ។
នេះគឺជាការប្រែប្រួលធំធៀបនឹង World Cup នៅ អាស៊ី ដែល ជប៉ុន និង កូរ៉េខាងត្បូង ធ្វើជាម្ចាស់ផ្ទះ កាលពី 20 ឆ្នាំមុន។ កាលណោះមានតែម្ចាស់ឧបត្ថម្ភ 6 ស្ថាប័នប៉ុណ្ណោះដែលជារបស់ អាស៊ី ក្នុងចំណោមម្ចាស់ឧបត្ថម្ភ 15 ស្ថាប័នរបស់ FIFA។ ក្រៅពីនេះគឺសុទ្ធតែជាក្រុមហ៊ុនរបស់ អឺរ៉ុប និង សហរដ្ឋអាម៉េរិក។
ការឧបត្ថម្ភគឺជាបញ្ហាសំខាន់សម្រាប់ FIFA។ បន្ទាប់ពីការលក់អាជ្ញាប័ណ្ណផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ (2.6 ពាន់លានដុល្លារ) ការឧបត្ថម្ភគឺប្រភពចំណូលធំបំផុត ដោយរួមចំណែករហូតដល់ 1.35 ពាន់លានដុល្លារ ប្រហែល 29% នៃប្រាក់ចំណូលសរុបរបស់ FIFA ក្នុងឆ្នាំ 2022។
ក្នុងចំណោមក្រុមហ៊ុនដែលជាម្ចាស់ឧបត្ថម្ភធំៗនៅ World Cup 2022 ក៏មានក្រុមហ៊ុនធុរកិច្ចថ្មីផ្នែកអប់រំរបស់ ឥណ្ឌា Byju’s បើទោះប្រទេសនេះមិនមានក្រុមបាល់ទាត់ទៅចូលរួមប្រកួត។ ដូចគ្នានេះដែរ ចិន ក៏មិនមានក្រុមបាល់ទាត់ទៅប្រកួតនៅ World Cup ប៉ុន្តែមានម្ចាស់ឧបត្ថម្ភរហូតដល់ 4 ស្ថាប័ន ខណៈដែល សិង្ហបុរី មាន 1 ស្ថាប័ន។
កូរ៉េខាងត្បូង មានក្រុមបាល់ទាត់នៅ World Cup និងមានម្ចាស់ឧបត្ថម្ភចំនួន 1 ស្ថាប័ន គឺ Hyundai-Kia។ ចំណែក ប្រទេសម្ចាស់ផ្ទះ កាតា មានម្ចាស់ឧបត្ថម្ភចំនួន 2។
បណ្ដាក្រុមបាល់ទាត់របស់ អាស៊ី ដែលចូលរួមប្រកួតនៅ World Cup លើកនេះ នៅតែមានចំនួនតិច ក៏ប៉ុន្តែ ក្រុមម្ចាស់ឧបត្ថម្ភដែលមកពីទ្វីបនេះ ត្រូវបានគេសង្ឃឹមថា នឹងមានឥទ្ធិពលភាគច្រើនទៅលើទស្សនិកជន ទាំងនៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ៕