«ពិតជាកិត្តិយសសម្រាប់ប្រទេសកម្ពុជា និងមោទកភាពរបស់ប្រជាជនខ្មែរ ដែលអង្ករកម្ពុជាបានឈ្នះពានរង្វាន់ «អង្ករល្អផ្តាច់គេលើពិភពលោក» សាជាថ្មី (លើកទី 5) នៅក្នុងវេទិកាសន្និសីទអង្ករពិភពលោក» នេះបើតាមក្រសួងពាណិជ្ជកម្មកម្ពុជា។
នៅលើបណ្ដាញសង្គមផ្លូវការរបស់ ក្រសួងពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី 17 វិច្ឆិកា 2022 នេះ ក្រសួងបានប្រកាសចូលរួមអបអរសាទរចំពោះដំណឹងដែលថា កម្ពុជា ឈ្នះពានរង្វាន់ «អង្ករល្អជាងគេលើពិភពលោក» ប្រចាំឆ្នាំ 2022។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការឈ្នះពានរង្វាន់ «អង្ករល្អផ្តាច់គេលើពិភពលោក» របស់ កម្ពុជា នេះ គឺនៅពេល កម្ពុជា ចូលរួមព្រឹត្តិការណ៍ ដែលរៀបចំឡើងនៅ ខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2022។ ចំណែក ក្រសួងព័ត៌មាន វិញ ឱ្យដឹងថា អង្ករកម្ពុជា ដែលបានឈ្នះពានរង្វាន់ពិភពលោក នៅខេត្តភូកេត នេះ គឺជាពូជអង្ករ “ផ្ការំដួល”។
នេះគឺជាលើកទី 5 ហើយដែល កម្ពុជា បានឈ្នះពានរង្វាន់បែបនេះ បន្ទាប់ពីបានឈ្នះកាលពីឆ្នាំ 2012, 2013, 2014 និង 2018។