អាជ្ញាធរកាតា បានបដិសេធចំពោះការចោទប្រកាន់ដែលថា ប្រទេសនេះបានជួលមនុស្សមកធ្វើជាអ្នកគាំទ្រក្នុងព្រឹត្តិការណ៍ World Cup 2022 បន្ទាប់ពីវីដេអូមួយដែលបានចែករំលែកលើបណ្ដាញសង្គមបង្ហាញថា ជនជាតិឥណ្ឌា មួយក្រុមអបអរសាទរ ក្រុមជម្រើសជាតិអង់គ្លេស។
«អ្នកគាំទ្រមកពីគ្រប់ទិសទីក្នុងពិភពលោក រួមចំណែកបង្កើតបានជាបរិយាកាសអ៊ូអរនៅក្នុងស្រុកនាពេលថ្មីៗនេះ មនុស្សជាច្រើនក្នុងចំណោមពួកគេបានចាត់ទុក កាតា ជាផ្ទះ។ ពួកគេធ្វើការហែក្បួនពាសពេញផ្ទៃប្រទេស និងទទួលអំណរបណ្ដាក្រុមជម្រើសជាតិដែលបានមកកាន់សណ្ឋាគារ» គណៈកម្មការកំពូលកាតា 2022 ដែលជាស្ថាប័នចាត់ចែងព្រឹត្តិការណ៍ World Cup នៅ កាតា បានប្រកាសដូច្នេះកាលពីថ្ងៃទី 16 វិច្ឆិកា។
«អ្នកសារព័ត៌មាន និងអ្នកវិភាគមួយចំនួននៅលើបណ្ដាញសង្គម មានមន្ទិលថា តើពួកគេពិតជាអ្នកគាំទ្រមែន ឬមិនមែន។ យើងខ្ញុំសូមបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដែលគួរឱ្យអស់សង្ឃឹម និងមិនមានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនេះ»។
គណៈកម្មការកំពូល World Cup Qatar ប្រកាសដូច្នេះបន្ទាប់ពីវីដេអូមួយដែលត្រូវបានចែករំលែកតៗគ្នាលើបណ្ដាញសង្គម បង្ហាញថា មានអ្នកគាំទ្រជាជនជាតិឥណ្ឌា រាប់រយនាក់នៅ កាតា នាំគ្នាចេញអបអរសាទរដល់ ក្រុមជម្រើសជាតិអង់គ្លេស នៅពេលក្រុមនេះមកដល់សណ្ឋាគារកាលពីថ្ងៃទី 15 វិច្ឆិកា។
World Cup 2022 នឹងត្រូវបានធ្វើឡើងនៅ ប្រទេសកាតា ចាប់ពីថ្ងៃទី 20 វិច្ឆិកាដល់ 18 ធ្នូ 2022។ ការប្រកួតដំបូងរវាងក្រុមម្ចាស់ផ្ទះកាតា និង អេក្វាទ័រ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី 20 វិច្ឆិកា បន្ទាប់ពីពិធីបើកការប្រកួតនៅទីលាន Al Bayt ជាកន្លែងដែលអាចផ្ទុកមនុស្សបាន 60,000 នាក់៕