(អាល្លឺម៉ង់)-បុរសម្នាក់រើសបានមូលប្បទានបត្រតម្លៃ 4.8 លានដុល្លារអាម៉េរិក របស់ក្រុមហ៊ុនផលិតស្ករគ្រាប់ល្បីឈ្មោះមួយ ប៉ុន្តែទទួលបានស្ករគ្រាប់តែ 6 កញ្ចប់សម្រាប់ជាការដឹកគុណ បន្ទាប់ពីបានធ្វើតាមការណែនាំរបស់ក្រុមហ៊ុននេះ។
Anouar G អាយុ 38 ឆ្នាំ រស់នៅក្នុងតំបន់ Frankfurt ប្រទេសអាល្លឺម៉ង់ រើសបានសែកមួយសន្លឹកនៅឯស្ថានីយរថភ្លើងមួយនៅពេលទៅសួរសុខទុក្ខម្ដាយ នេះបើតាម Insider ចុះផ្សាយនាថ្ងៃនេះ។ ពេលអានអក្សរ គាត់ភ្ញាក់ផ្អើលណាស់ ដោយសារតែមូលប្បទានបត្រនេះមានតម្លៃរហូតដល់ 4,631,538.8 អឺរ៉ូ (ប្រហែលនឹង 4.8 លានដុល្លារអាម៉េរិក)។
សែកមួយសន្លឹកនេះត្រូវបានផ្សារទំនើប Rewe ផ្ញើទៅឱ្យក្រុមហ៊ុនផលិតស្ករគ្រាប់ទន់ Haribo របស់ អាល្លឺម៉ង់ តាមរយៈធនាគារ DZ Bank។
នៅពេល Anouar ទាក់ទងទៅកាន់ Haribo មេធាវីរបស់ក្រុមហ៊ុននេះក៏បានស្នើឱ្យគាត់កម្ទេចសែកនេះចោល និងថតរូបផ្ញើឱ្យពួកគេដើម្បីជាភស្ដុតាង។
ប៉ុន្មានថ្ងៃក្រោយមក Anouar ក៏បានទទួលអំណោយមួយប្រអប់ ក្នុងនោះមានស្ករគ្រាប់ 6 កញ្ចប់ ដើម្បីជាការដឹងគុណ។
ក្រុមហ៊ុនផលិតស្ករគ្រាប់ខាងលើបានបញ្ជាក់ថា ពិតជាមានហេតុការណ៍នេះ និងបានអះអាងថា «ដោយសារតែនេះគឺជាសែកដែលមានឈ្មោះ ដូច្នេះមានតែក្រុមហ៊ុនទើបមានសិទ្ធិប្ដូរជាប្រាក់។ ចំណែកស្ករគ្រាប់ 6 កញ្ចប់នេះគឺជាអំណោយស្ដង់ដាដែលយើងខ្ញុំតែងតែផ្ញើ»។
ហេតុការណ៍នេះបាននាំឱ្យមានមតិចម្រូងចម្រាសជាច្រើននៅក្នុងបណ្ដាញសង្គម។ អ្នកខ្លះថា «ខ្ញុំនឹងចូលទៅកាន់ធនាគារ ហើយប្រាប់ថា ខ្ញុំគឺជាលោក Haribo បើសិនជាគាត់នេះ»។ អ្នកខ្លះក៏សរសេរថា «គ្រប់គ្នាធ្វើដូចការដកប្រាក់ពីសែកតម្លៃ 4.8 លានដុល្លារអាម៉េរិក ជារឿងងាយស្រួលអីចឹង»។
Haribo គឺជាក្រុមហ៊ុនផលិតស្ករគ្រាប់ធំបំផុតនៅ អឺរ៉ុប ដែលជាកម្មសិទ្ធិរបស់គ្រួសារ Riegel។ ក្រុមហ៊ុននេះត្រូវបានគេចាត់ទុកថា ជាយីហោមួយដែលងាយស្រួលចំណាំបំផុតក្នុងពិភពលោក។ ប្រាក់ចំណូលសរុបរបស់ Haribo ប្រហែល 2.9 ពាន់លានដុល្លារអាម៉េរិក/ឆ្នាំ៕