(ទីក្រុងហូជីមិញ)-កម្មកររាប់សិបនាក់កំពុងតែដំឡើងកញ្ចក់សុវត្ថិភាព Tempered glass ចំនួន 85 ផ្ទាំង សម្រាប់ដំបូលអណ្ដូងកម្ពស់ 6 ម៉ែត្រ របស់ស្ថានីយរថភ្លើងក្នុងក្រុងកំណាត់ផ្លូវដែក Line 1 ដែលជាផ្លូវរថភ្លើងក្នុងក្រុងដំបូងនៅ ទីក្រុងហូជីមិញ (ព្រៃនគរ)។
ស្ថាបត្យកម្មនៃដំបូលអណ្ដូងរបស់ស្ថានីយនេះគឺជាចំណុចពិសេសដែលជានិមិត្តរូបរបស់ស្ថានីយក្រោមដីនេះ ក៏ដូចជារបស់កំណាត់ផ្លូវដែក Metro លេខ 1 (Line 1)។
អណ្ដូងដំបូលកញ្ចក់នេះនឹងផ្ដល់ពន្លឺសម្រាប់ផ្នែកខាងក្រោមរបស់ស្ថានីយរថភ្លើង និងបង្កើតបានជាលំហ ជួយឱ្យអ្នកដំណើរអាចមើលឃើញផ្សារធំនៅក្បែរនោះ។
អណ្ដូងក្រោមដីដែលជាស្ថានីយរថភ្លើងស្ថិតក្នុងគម្រោង Line 1 នេះ មានរូបរាងមូល កម្ពស់ 6 ម៉ែត្រ និងមានអង្កត់ផ្ចិត 21.6 ម៉ែត្រ មានដំបូលធ្វើអំពីកញ្ចក់ សុវត្ថិភាព tempered glass ចំនួន 85 ផ្ទាំង ដែលមួយផ្ទាំងៗមានទម្ងន់ 245 គីឡូក្រាម និងត្រូវបាននាំចូលពី ប្រទេសជប៉ុន។
ស្ថានីយក្រោមដីខាងលើនេះមានបណ្ដោយ 236 ម៉ែត្រ, ទទឹង 60 ម៉ែត្រ, ជម្រៅប្រហែល 32 ម៉ែត្រ និងមាន 4 ជាន់។ នេះគឺជាចំណុចតភ្ជាប់រវាងខ្សែរថភ្លើងនានានៅក្នុងទីក្រុងហូជីមិញ ដែលជាទីក្រុងធំជាងគេនៅ ប្រទេសវៀតណាម។ ទីនេះក៏មានមជ្ឈមណ្ឌលពាណិជ្ជកម្មមួយដែលមានទំហំ 45,000 ម៉ែត្រក្រឡា។
កំណាត់ផ្លូវ Metro លេខ 1 គឺជាគម្រោងផ្លូវដែកក្នុងក្រុងដំបូងនៅ ទីក្រុងហូជីមិញ និងមានប្រវែងជិត 20 គីឡូម៉ែត្រ។ គម្រោងដែលមានទុនវិនិយោគសរុបជិត 44 ទ្រីលានដុង (ប្រហែល 1.76 ពាន់លានដុល្លារអាម៉េរិក) នេះ គ្រោងនឹងបើកដំណើរការពាណិជ្ជកម្មចាប់ពីត្រីមាសទី 4 នៃឆ្នាំ 2023៕