បើសិនជាមួយថ្ងៃព្រះអាទិត្យមិនលិច តើនឹងមានសភាពយ៉ាងណា? ប្រជាជនដែលរស់នៅក្នុងតំបន់មួយចំនួនដែលស្ថិតនៅក្បែរប៉ូលរបស់ផែនដី នឹងឃើញថា ព្រះអាទិត្យហាក់មិនបាន «ចូលគេង» នៅរដូវក្ដៅ។ កាណាដា ស៊ុយអែត ឬ ន័រវែស ជាដើម គឺជាប្រទេសមានតំបន់ដែលព្រះទិនករ «ហាក់មិនចេះចូលនិទ្រា»។
បាតុភូតនេះកើតឡើងដោយសារផែនដីទ្រេតនៅលើអ័ក្សរបស់វាប្រហែលជិត 23 អង្សា។ នៅតាមបណ្ដាប៉ូលខាងជើង និងខាងត្បូង ព្រះអាទិត្យហាក់រះ និងលិចតែម្ដងគត់នៅក្នុងមួយឆ្នាំ។
ខាងក្រោមនេះគឺជាបណ្ដាតំបន់ដែលស្ទើរតែមិនចេះមានយប់ ៖
ប្រទេសស៊ុយអែត
ក្នុងអំឡុងពេលពីដើមខែឧសភា រហូតដល់ចុងខែសីហា នៅ ប្រទេសស៊ុយអែត ព្រះអាទិត្យតែងតែលិចនៅពាក់កណ្ដាលយប់ និងចាប់ផ្ដើមរះឡើងនៅវេលាម៉ោង 4 កន្លះទៀបភ្លឺ។ ចាប់ពីខែឧសភាដល់ខែមិថុនា តំបន់ជាច្រើនរបស់ ប្រទេសស៊ុយអែត ទទួលបានកម្ដៅថ្ងៃច្រើននៅពេលរសៀល ហើយព្រះអាទិត្យរៀបលិចនៅពាក់កណ្ដាលយប់។
ប្រទេសន័រវែស
ក្នុងបណ្ដាខែនៅរដូវក្ដៅ ចាប់ពីចុងខែឧសភាដល់ខែកក្កដា ព្រះអាទិត្យមិនដែលចុះទាបជាងជើងមេឃនៅតំបន់ភាគខាងជើងជុំវិញប៉ូលខាងជើងរបស់ផែនដី។ ពាក់កណ្ដាលប្រទេសន័រវែស មានពន្លឺថ្ងៃ 20 ម៉ោង ដូច្នេះ បើចង់ធ្វើការថែមម៉ោងដើម្បីរកប្រាក់បានច្រើន នោះ ន័រវែស គឺជាគោលដៅល្អ។
ប្រទេសអ៊ីស្លង់
នេះគឺជាប្រទេសដែលមានទិដ្ឋភាពសម្បូរបែប និងស្រស់ស្អាត ជាទីដែលអ្នកអាចទស្សនាជ្រោះទឹកធ្លាក់ ភ្នំភ្លើង ទន្លេទឹកកក ឬខ្សែទឹកបាញ់ចេញពីដីជាដើម។ល។
ប្រទេសកាណាដា
ជាប្រទេសធំជាងគេទីពីរក្នុងពិភពលោក កាណាដា ក៏មានតំបន់ជាច្រើនដែលស្ថិតក្រោមទឹកកក និងព្រឹលក្នុងរយៈពេលច្រើនឆ្នាំជាប់ៗគ្នា។ តំបន់ដូចជា Inuvik និងតំបន់ភាគពាយព្យប្រទេស ព្រះអាទិត្យសំកាំងកាយលើមេឃ 50 ថ្ងៃនៅរដូវក្ដៅ។
នៅពាក់កណ្ដាលរដូវក្ដៅ ព្រះអាទិត្យនៅតំបន់ Whitehorse ចែងចាំងពន្លឺ 19 ម៉ោង និង 09 នាទីជារៀងរាល់ថ្ងៃ។ នៅ Inuvik និង Northwest Territories របស់ កាណាដា ព្រះអាទិត្យបញ្ចេញពន្លឺពេញ 24 ម៉ោង/ថ្ងៃ ដោយ «មិនខ្ចីលិច»។
តំបន់ Alaska របស់ សហរដ្ឋអាម៉េរិក
ចាប់ពីចុងខែឧសភាដល់ចុងខែកក្កដា រៀងរាល់ឆ្នាំ ព្រះអាទិត្យនៅ Alaska នឹងមិនលិចជាដាច់ខាត។ ប៉ុន្តែ ដើម្បីបានដល់ថ្ងៃដ៏ស្រស់ស្រាយនេះ Alaska ក៏ត្រូវឆ្លងកាត់ភាពងងឹតអស់ជាច្រើនខែបន្តបន្ទាប់ ជាមួយនឹងអាកាសធាតុចុះត្រជាក់ស្ទើរដាច់ស្លឹកត្រចៀកនៅរដូវរងា៕