ភ្នំពេញ៖ ក្រុមហ៊ុនចិនដ៍ដំមួយគ្រោងបោះទុនវិនិយោគរបស់ខ្លួនក្នុងទឹកប្រាក់ប្រមាណជា 700លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលទេសចរណ៍ និងវប្បធម៌ដ៏ធំមួយនៅក្នុងទឹកដីប្រាសាទអង្គរ ខេត្តសៀមរាបនៅដើមឆ្នាំ 2018 ខាងមុខ។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីថ្ងៃទី11 ខែតុលា ម្សិលមិញនេះលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអញ្ជើញទៅទស្សនាផ្ទាល់នៅក្រុមហ៊ុន USunhome ដែលស្ថិតនៅក្នុងខេត្តSichuan ប្រទេសចិន ដែលក្នុងដំណើរទស្សនកិច្ចនោះ ក្រុមហ៊ុនចិនបានស្នើសុំសាងសង់មជ្ឈមណ្ឌលទេសចរណ៍ និងវប្បធម៌ដ៍ធំមួយក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា។
ឆ្លើយតបសំណើនេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើទៅវិញឱ្យក្រុមហ៊ុនធ្វើការសាងសង់គម្រោងមជ្ឈមណ្ឌលនេះឱ្យបានឆាប់ ដើម្បីឱ្យអ្នកទេសចរចិន និងអ្នកទេសចរបរទេសផ្សេងៗទៀត មកទស្សនានៅកម្ពុជាឱ្យបានកាន់តែច្រើន។
ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឱ្យដឹងថា វិនិយោគិនចិននៅកម្ពុជាឈរលើលំដាប់លេខ1ក្នុងឆ្នាំ2016 មានទឹកប្រាក់វិនិយោគប្រមាណ11ពាន់លានដុល្លារលើវិស័យកសិកម្ម ឧស្សាហកម្ម ថាមពល សេវាកម្ម សំណង់ និងវិស័យផ្សេងៗទៀត ជាពិសេសក្នុងការកសាងផ្លូវថ្មីៗ និងស្ពានឆ្លងកាត់ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ព្រមទាំងវារីអគ្គិសនីជាច្រើនទៀតដែលនាំឱ្យតម្លៃអគ្គិសនីនៅកម្ពុជាកាន់តែចុះថោក។ ទន្ទឹមនឹងនេះ ចិនក៏បានផ្តល់ហិរញ្ញប្បទានឥតសំណង ឥណទាន សម្បទាន និងជំនួយផ្សេងៗដ៏ច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជាផងដែរ។
គួររំឭកថា ក្នុងឆ្នាំ2016កន្លងទៅ កម្ពុជាបានទទួលអ្នកទេសចរចិនចំនួនជាង 80ម៉ឺននាក់ ហើយ សង្ឃឹមថា នឹងទាក់ទាញភ្ញៀវទេសចរចិនប្រមាណ 1លាននាក់ ក្នុងឆ្នាំ2017នេះ និងប្រមាណ 2លាននាក់នៅឆ្នាំ2020៕