ខណៈកំពុងតែផ្ទុះនូវការរិះគន់ចំពោះអ្នកស្រី ហ៊ឹម ស៊ីវន ដែលមហាជនបានរិះគន់អ្នកស្រីថា ក្នុងនាមជាគណៈកម្មការ និងជាសិល្បការិនីជើងចាស់ មិនគួរណាពោលពាក្យសម្ដីធ្ងន់ៗ និងបំបាក់ទឹកចិត្តចំពោះបេក្ខនារី សុខ វិសាល មកពីខេត្តសៀមរាបដែលបានបកស្រាយបទចម្រៀង “រាត្រីសេកុង” នោះសោះ។ ភ្លាមៗនោះ អ្នកស្រីមិនបានចេញមុខបកស្រាយ ឬផ្ដល់បទសម្ភាសណាមួយឡើយ ពោលគឺមានតែតារាចម្រៀងស្រី អ្នកនាង ម៉េង កែវពេជ្ជតា ប៉ុណ្ណោះដែលបានចេញមុខបកស្រាយជំនួសទៅវិញ។
ស្ថានការណ៍ស្ងប់ស្ងាត់អស់មួយរយៈហើយ តែថ្មីៗនេះស្រាប់តែអ្នកស្រី ហ៊ឹម ស៊ីវន ទម្លាយរឿងដែលនឹកស្មានមិនដល់មួយ ប្រាប់ទៅកាន់មហាជនវិញតែម្ដង។ ប្រភពដែលសារព័ត៌មានឡារ៉ែនទទួលបាន គឺអ្នកស្រី ហ៊ឹម ស៊ីវន បានប្រាប់ឱ្យដឹងផងដែរថា ស្វាមីអ្នកស្រី ដែលជាមន្ត្រីរាជការកំពុងតែបម្រើការនៅក្នុងស្ថាប័នរបស់ក្រសួងមួយនោះ មិនចង់ឲ្យភរិយារបស់លោកប្រឡូកក្នុងវិស័យសិល្បៈនេះបន្ដទៀតទេ ព្រោះថា បើគិតពីជីវភាពគ្រួសាររបស់លោកវិញ គឺមិនពិបាកដល់ថ្នាក់ឱ្យប្រពន្ធចេញទៅច្រៀងរាំ ដើម្បីរកចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារនោះទេ។ យ៉ាងណាមិញ អ្នកស្រីក៏បានបញ្ជាក់ប្រាប់ទៅមហាជនបន្ថែមទៀតដែរថា “ពោលគឺស្វាមីខ្ញុំចង់ឲ្យខ្ញុំឈប់សម្រាកពីការងារសិល្បៈតែម្ដង ប៉ុន្តែដោយសារទឹកចិត្តដែលស្រឡាញ់វិស័យសិល្បៈ ទើបខ្ញុំមិនចង់បោះបង់ចោល ហើយនៅតែបន្តដើរលើវិថីនេះទៀត”។
គួបញ្ជាក់ផងដែរថា ការលើកឡើងរបស់តារាជើងចាស់រូបនេះ ទំនងជាកើតឡើងពីចិត្តស្រឡាញ់វិស័យសិល្បៈខ្មែរ និងគ្រាន់តែមានគោលបំណងចង់ជួយបង្ហាត់បង្រៀន និងណែនាំដល់កូនចៅជំនាន់ក្រោយ ឱ្យចេះស្រឡាញ់ និងបន្ដថែរក្សាកេរដំណែលខ្មែរមួយនេះតែប៉ុណ្ណោះ ពុំមានចិត្តគិតពេបជ្រាយ ឬបញ្ឈឺចិត្តដល់បេក្ខជនណាម្នាក់ឡើយ៕