ភ្នំពេញ៖ ការព្យាករថ្មីមួយបានបង្ហាញថា កំណើនក្នុងវិស័យឧស្សាហកម្មមានការធ្លាក់ចុះជាងឆ្នាំមុនដោយសារការធ្លាក់ចុះនៃវិស័យកាត់ដេរ ដែលកើតចេញពីកត្តាផ្សេងៗមួយចំនួន ដូចជាកត្តាប្រាក់ឈ្នួល (ប្រាក់ខែកម្មករ) និងការបញ្ជាទិញរបស់វិនិយោគិនក្រៅប្រទេស ជាដើម។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំឆមាសទី1 ឆ្នាំ2017នេះ បង្ហាញថា វិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងមានការថយចុះបន្តិចក្នុងអត្រា9.2% នៅឆ្នាំ2017 ដោយសារការធ្លាក់ចុះនៃកំណើនក្នុងវិស័យកាត់ដេរ ដែលទាមទារឱ្យមានការប៉ះប៉ូវឡើងវិញពីវិស័យឧស្សាហកម្មដែលមិនមែនកាត់ដេរ និងវិស័យសំណង់ជាដើម។
ការព្យាករនេះបង្ហាញថា វិស័យកាត់ដេររំពឹងថានឹងថយចុះមកនៅត្រឹម 5.8% ដែលស្តែងចេញតាមរយៈការធ្លាក់ចុះនៃការនាំចេញផលិតផលកាត់ដេរ និងការនាំចូលវត្ថុធាតុដើម ដែលរងនូវសម្ពាធមួយចំនួន ដូចជាការបន្តកើនឡើងនៃប្រាក់ឈ្នួលអប្បបរមា ការប្រកួតប្រជែងខ្លាំងជាងមុនពីប្រទេសមីយ៉ាន់ម៉ា(ភូមា) បង់ក្លាដែស និងវៀតណាម និងភាពស្ទាក់ស្ទើរនៃការបញ្ជាទិញផលិតផលកាត់ដេររបស់អ្នកវិនិយោគក្រៅប្រទេសមួយចំនួនដែលត្រូវប្រើរយៈពេលផលិតខ្លី ដោយសារការបារម្ភរបស់អ្នកបញ្ជាទិញ និងភាពមិនប្រាកដប្រជានៃការបញ្ជូនទំនិញទាន់ពេលវេលា។
ចំណែកវិស័យសំណង់វិញ ទោះជាមានការលើកឡើងពីកំណើនរឹងមាំមែន ប៉ុន្តែធាតុពិតបានធ្លាក់ចុះមកនៅត្រឹម14.4% ដោយសារឥរិយាបថរង់ចាំមើលរបស់វិនិយោគិនចំពោះព្រឹត្តិការណ៍បោះឆ្នោតដែលខិតជិតមកដល់ និងវិធានការរឹតត្បិតរបស់ធនាគារជាតិនៃកម្ពុជា។ ជាមួយគ្នានេះការថមថយនៃវិស័យឧស្សាហកម្មជារួមក៏បានបំពេញវិញខ្លះដែរដោយកំណើនខ្ពស់នៃវិស័យឧស្សាហកម្មមិនមែនកាត់ដេរ គ្រឿងផ្គុំអេឡិចត្រូនិក គ្រឿងបន្លាស់ ចំណីអាហារ និងភេសជ្ជៈ កង់ និងគ្រឿងសង្ហារិមក្នុងអត្រាប្រមាណ 12.5% ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើនតម្លៃផលិតកម្ម និងការនាំចេញ។
ទោះជាវិស័យឧស្សាហកម្មធ្លាក់ចុះមែន ប៉ុន្តែបើក្រឡេកមើលពីវិស័យសេវាកម្មវិញ ត្រូវបានព្យាករថា នឹងមានកំណើនល្អប្រសើរជាងឆ្នាំ2016 ដោយនឹងអាចសម្រេចបានក្នុងរង្វង់ 7.23% ក្នុងឆ្នាំ2017នេះ ដោយសារភាពរឹងមាំនៃវិស័យទេសចរណ៍ និងវិស័យលក់ដុំ និងលក់រាយ ទោះបីជាវិស័យដឹកជញ្ជូន និងគមនាគមន៍ និងវិស័យអចលនទ្រព្យមានការធ្លាក់ចុះបន្តិចក៏ដោយ៕