Skip to content

តាក់ស៊ី​ហោះ​ 2X របស់ក្រុមហ៊ុន​ Volocopter ហោះ​ហើរ​សាកល្បង​ដំបូង​នៅ បារីស

(បារាំង)-ម៉ូ​ដែល​តាក់ស៊ី​ហោះ​អគ្គិសនី​ដែល​បំពាក់ rotor ច្រើន បាន​ហោះហើរ​សាកល្បង​លើកដំបូង​នៅក្បែរ ទីក្រុង​បារី​ស កាលពី​ថ្ងៃទី 10 វិច្ឆិកា មុនពេល​ត្រៀម​សម្រាប់​ការ​​ហោះហើរ​ពាណិជ្ជកម្ម​ចាប់ពី​ឆ្នាំ 2024។

យន្តហោះ​សាកល្បង​របស់ Volocopter មាន rotor ចំនួន 8 បាន​ហោះហើរ​សាកល្បង​ដឹក​មនុស្ស​ម្នាក់​ពី​ព្រលានយន្តហោះ Pontoise-Cormeilles នៅ​ជាយក្រុង​បារី​ស និង​ហោះ​ឆ្វែ​ល​ក្នុង​រយៈពេល​ខ្លី។ បច្ចុប្បន្ន Volocopter មាន​ល្បឿន​អតិបរមា 90 គឺ​ឡូ​ម៉ែត្រ/ម៉ោង និង​ហោះ​បាន​ចម្ងាយ 20 គីឡូម៉ែត្រ នេះ​បើតាម Reuters ចុះផ្សាយ​កាលពី​ថ្ងៃទី 12 វិច្ឆិកា។

Dirk Hoke នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Volocopter របស់ អាល្លឺម៉ង់ បានឱ្យដឹងថា ក្នុង​រង្វង់ 18 ខែ​ទៀត ពួកគេ​នឹង​ត្រៀម​ស្នើសុំ​លិខិតអនុញ្ញាត​សម្រាប់​ម៉ូ​ដែល​យន្តហោះ​ Volocopter 2X នេះ ហើយ​សង្ឃឹមថា អាច​ហោះហើរ​ពាណិជ្ជកម្ម​រយៈ​ចម្ងាយ​ខ្លី​ចាប់ពី​ឆ្នាំ 2024 នៅពេល បារី​ស ប្រារព្ធ​ព្រឹត្តិការណ៍​កីឡា​រដូវក្ដៅ (Summer Olympic Games)។

ក្រុមហ៊ុន​ខាងលើ​មានបំណង​ធ្វើឱ្យ​យន្តហោះ​មាន​កៅអី 2 នេះ អាច​ហោះហើរ​ដោយ​ស្វ័យប្រវត្ត ប៉ុន្តែ​បាន​ទទួលស្គាល់ថា នៅមាន​ការងារ​ជាច្រើន​ទៀត​ត្រូវធ្វើ ក្នុងនោះ​មានដូចជា ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ដែនអាកាស និង​ការរង់ចាំ​ទទួលស្គាល់​ពី​សាធារណជន​ជាដើម។

អ្នកបើកបរ​សាកល្បង Paul Stone បានឱ្យដឹងថា យន្តហោះ​នេះ​ងាយស្រួល​បើក​បរជាង បើ​ធៀប​នឹង​ឧទ្ធម្ភាគចក្រ​បច្ចុប្បន្ន។

Volocopter 2X ដំណើរការ​ទៅតាម​បច្ចេកវិទ្យា drone និង​ប្រើប្រាស់​រ៉ូ​បូត​ក្នុងការ​ប្ដូរ​ថ្ម​មុនពេល​បន្ត​ការ​ហោះ​ហើរ។ ក្រុមហ៊ុន Volocopter កំពុង​ឆ្ពោះទៅរក​គោលដៅ​ដឹក​អ្នកដំណើរ​ឱ្យបាន 100,000 នាក់​នៅ​ពាសពេញ​ពិភពលោក​ជា​រៀងរាល់​ម៉ោង​ក្នុង​រង្វង់ 10 ឆ្នាំ​ខាងមុខ។ ដោយសារតែ​ប្រើប្រាស់​អគ្គិសនី ដូច្នេះ Volocopter 2X មិន​បំ​ភាយ​ឧស្ម័ន ហើយក៏​មិន​បង្ក​សំឡេង​រំខាន៕

https://www.youtube.com/watch?v=pcxLOunnfrw

Leave a Reply

Your email address will not be published. Required fields are marked *