គម្រោង «មជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ» – MULTI-MODAL PHNOM PENH LOGISTICS COMPLEX (PPLC) ដែលជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់ពាណិជ្ជកម្មក្នុងតំបន់ និងចូលរួមក្នុងការពង្រឹងសេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានដាក់បង្ហាញរូបរាងជាផ្លូវការ នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី 40 និង 41 នេះបើតាមការប្រកាសរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន។
ការដាក់បង្ហាញគម្រោងខាងលើនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី 11 វិច្ឆិកា ឆ្នាំ 2022 នៅសណ្ឋាគាររ៉េស៊ីដង់សុខា ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនឹងឯកឧត្តមបណ្ឌិត Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសិង្ហបុរី ក៏ដូចជាភាគីពាក់ព័ន្ធ។
គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ PPLC ត្រូវបានសិក្សាដោយក្រុមហ៊ុន YCH Group ដែលជាក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន និងការផ្គត់ផ្គង់សេវាកម្មជាចង្កោមដ៏ធំបំផុតនៅក្នុងតំបន់អាស៊ី។ ការដាក់បង្ហាញនេះធ្វើឡើងបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងក្រុមហ៊ុន YCH Group កាលពីខែមីនា 2021។
«គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ PPLC ត្រូវបានចាត់ជាអាទិភាពទៅក្នុងផែនការមេថ្នាក់ជាតិលើវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ឆ្នាំ 2022-2030» នេះបើតាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន។
ការដាក់បង្ហាញគម្រោង PPLC ជាផ្លូវការនាឱកាសនេះ គឺឆ្លុះបញ្ចាំងអំពីការជំរុញលើកចិត្តការវិនិយោគរវាងវិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុក និងការពង្រឹងការតភ្ជាប់លើវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ក្នុងក្របខណ្ឌមហាអនុតំបន់មេគង្គ (GMS) អាស៊ាន និងពិភពលោក។ល។