ជាទូទៅនៅពេលការបោះឆ្នោតជិតចូលមកដល់ម្តងៗគេសង្កេតឃើញថា សកម្មភាពក្នុងវិស័យអចលនទ្រព្យតែងមានការប្រែប្រួលដោយចៀសមិនផុតនោះឡើយ។ នៅឆ្នាំ2018 ខាងមុខកម្ពុជានឹងរៀបចំការបោះឆ្នោតជាតិម្តងទៀត។ តើវិស័យអចលនទ្រព្យនៅកម្ពុជាអាចនឹងមានការប្រែប្រួលបែបណា?
លោកស្រី តាំង ហួរ អគ្គនាយិកាក្រុមហ៊ុន អមតៈប្រផឹធី សឺវីស បានប្រាប់ថា នៅពេលការបោះឆ្នោតជិតចូលមកដល់ មិនថាប្រទេសណានោះទេគឺតម្លៃអចលនទ្រព្យអាចនឹងស្ថិតនៅទ្រឹងមួយរយៈដោយសារតែគ្រប់គ្នាសុទ្ធតែរង់ចាំមើលការបោះឆ្នោតរួចរាល់។ បន្ទាប់ពីការបោះឆ្នោតរួចរាល់ សកម្មភាពទិញ លក់ នឹងមានភាពមមាញឹកឡើងវិញ។
ករណីនេះលោកស្រី តាំង ហួរ បានអះអាងថា បើក្រឡេកមើលទីផ្សារអចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្នបើទោះបីជាការបោះឆ្នោតជិតឈានចូលមកដល់ក៏ដោយ ប៉ុន្តែសកម្មភាពទិញ លក់ ដីធ្លី និងអចលនទ្រព្យនានានៅមានភាពផុលផុសនៅឡើយគ្រាន់តែថាហាក់ថយចុះជាងមុនបន្តិច។ ចំណែកការប្រកួតប្រជែងគឺមានយុទ្ធសាស្ត្ររៀងៗខ្លួនដោយក្រុមហ៊ុនខ្លះលក់ក្នុងតម្លៃសមរម្យ ហើយក្រុមហ៊ុនខ្លះលក់ក្នុងតម្លៃខ្ពស់ ដើម្បីចាប់យកអតិថិជនលំដាប់ផ្សេងៗគ្នា។
ទោះបីជាយ៉ាងណា លោកស្រីអគ្គនាយិកាក្រុមហ៊ុន អមតៈ ប្រផឹធី សឺវីស បានបញ្ជាក់ថា៖“សម្រាប់ក្រុមហ៊ុនដែលលក់ក្នុងតម្លៃសមរម្យនឹងមានការគាំទ្រច្រើនជាងក្រុមហ៊ុនលក់ក្នុងតម្លៃខ្ពស់។
កន្លងមកនៅពេលការបោះឆ្នោតជិតចូលមកដល់ប្រជាជនខ្មែរតែងមានការយល់ឃើញផ្សេងៗគ្នា ដោយអ្នកខ្លះមិនហ៊ានទិញដីធ្លី ឬផ្ទះនោះទេ ព្រោះខ្លាចមានបញ្ហាអស្ថិរភាពសង្គម ប៉ុន្តែអ្នកខ្លះទៀតបែរជាគិតថាជាឱកាសទៅវិញ ដោយសារតម្លៃអចលនទ្រព្យមិនសូវឡើងខ្លាំង។
លោក សន សៀប អគ្គនាយកក្រុមហ៊ុន ឃីរៀលអុីស្ទេត បាននិយាយថា នៅពេលការបោះឆ្នោតឆ្នាំ2018 កាន់តែខិតជិតមកដល់ គេសង្កេតឃើញថាសកម្មភាពនៃការទិញលក់ ដីធ្លី អគារ ផ្ទះល្វែង នៅកណ្តាលក្រុងហាក់មានសភាពស្ងាត់ជាងមុនបន្តិច ដោយសារពួកគេរង់ចាំមើលសភាពការណ៍ក្រោយពេលបោះឆ្នោត។
លោកបាននិយាយថា៖ “បច្ចុប្បន្នអ្នកមានលុយគេមានទឹកមាត់ក្នុងការចរចា បើគេចង់ទិញលុះត្រាតែមានការទម្លាក់តម្លៃចន្លោះពី 20%ទៅ30% បើមិនដូច្នេះគេមិនទិញទេ ដោយគេរង់ចាំឱកាសចូលមកដល់។
អគ្គនាយកក្រុមហ៊ុន ឃី រៀលអុីស្ទេត បានបន្តថា កត្តាដែលធ្វើឱ្យវិស័យអចលនទ្រព្យនៅកណ្តាលក្រុងនាពេលនេះហាក់មានភាពស្ងាត់ជាងមុននេះគឺដោយសារកត្តាអាកាសធាតុមានភ្លៀងធ្លាក់ច្រើននិងរដូវកាលបោះឆ្នោតជិតចូលមកដល់។ តែយ៉ាងណាសកម្មភាពទិញលក់អចលនទ្រព្យនៅតំបន់ជាយក្រុងនៅមានភាពប្រសើរដដែល ពិសេសភាគខាងលិចឆៀងខាងជើងនៃរាជធានីនៅត្រង់ចំណុចផ្សារទំនើប Aeon ទី2 និងភាគខាងលិចឆៀងខាងត្បូងក៏មានសកម្មភាពស្ទុះឡើងគួរសមដែរ ខណៈរដ្ឋាភិបាលត្រៀមសាងសង់ផ្លូវក្រវាត់ក្រុងទី3 ចេញពីផ្លូវទំនប់កប់ស្រូវ កាត់តាមខេត្តកណ្តាល ឆ្ពោះទៅកំពង់ផែនៅផ្លូវជាតិលេខ1 ក្នុងស្រុកកៀនស្វាយ។
លោក សន សៀប បានលើកឡើងពីបទពិសោធន៍កន្លងមកថា នៅរដូវកាលបោះឆ្នោតឆ្នាំ2003 វិស័យអចលនទ្រព្យមានភាពល្អប្រសើរឡើងបន្តិចម្តងៗទាំងមុន និងក្រោយពេលបោះឆ្នោត រហូត
ដល់ឆ្នាំ2008 វិស័យនេះបានធ្លាក់ចុះមួយរយៈដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោក។ បន្ទាប់ពីស្ទុះងើបឡើងវិញបានមួយរយៈ នៅឆ្នាំ2013 ស្ថានភាពវិស័យអចលនទ្រព្យបានស្ងប់ស្ងាត់សាជាថ្មីម្តងទៀត ដោយសារឥទ្ធិពលនយោបាយ។ ក្រោយពេលស្ថានភាពនយោបាយមានភាពល្អប្រសើរ វិស័យអចលនទ្រព្យក៏ចាប់ផ្តើមមានដំណើរការល្អរហូតដល់ពេលនេះ។
យ៉ាងណាក៏ដោយ លោកអគ្គនាយកក្រុមហ៊ុន ឃី រៀលអុីស្ទេត បានអះអាងថា ដោយសារកម្ពុជាមានភាពចាស់ទុំផ្នែកនយោបាយនោះ គេរំពឹងថាសកម្មភាពអចលនទ្រព្យនឹងមានភាពប្រសើរឡើងវិញនៅក្រោយបោះឆ្នោតឆ្នាំ2018។
សូមជម្រាបថា ទោះជាវិស័យអចលនទ្រព្យនាពេលនេះហាក់មានភាពស្ងប់ស្ងាត់ជាងមុនបន្តិច ប៉ុន្តែសកម្មភាពសាងសង់ផ្សេងៗនៅតែរីកចម្រើនទៅមុខគួរឱ្យកត់សម្គាល់៕