ការងាររបស់ អ៊ីឡុន ម៉ាស នៅ Twitter កំពុងប្រែជាលំបាកជាងមុន។ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លោក ម៉ាស បាននិយាយប្រាប់បុគ្គលិកនៅក្នុងកិច្ចប្រជុំបន្ទាន់ថា មិនអាចរំលងចោលលទ្ធភាពដែល Twitter អាចក្ស័យធននៅឆ្នាំក្រោយ។
លោក ម៉ាស លើកឡើងនូវការយល់ឃើញនេះនៅក្នុងកិច្ចប្រជុំជាមួយបុគ្គលិកទាំងអស់ ក្រោយពីមានសំណួរអំពីល្បឿននៃដំណើរការបច្ចុប្បន្នរបស់ក្រុមហ៊ុន។
មហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូង ក៏បាននិយាយជាមួយបុគ្គលិកថា បើសិនពួកគេមិនប្រឹងប្រែងធ្វើការ 40 ម៉ោង/សប្ដាហ៍នោះទេ ពួកគេគួរតែដាក់ពាក្យសុំឈប់។ លោក ម៉ាស បានស្នើឱ្យបុគ្គលិកមកធ្វើការនៅការិយាល័យ បើទោះមុននោះ ខាងក្រុមហ៊ុនបានអនុញ្ញាតឱ្យធ្វើការនៅផ្ទះ ឬពីចម្ងាយ។
នាយកមួយចំនួនរបស់ Twitter បានលាលែងពីតំណែងនៅក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ក្នុងនោះក៏មានប្រធានសន្តិសុខព័ត៌មាន Lea Kissner, ប្រធានផ្នែកផ្សាយពាណិជ្ជកម្ម Robin Wheeler និងប្រធានផ្នែកការពារទិន្នន័យ Yoel Roth ផងដែរ។
ភាពច្របូកច្របល់បានកើតឡើងនៅពេលលោក ម៉ាស ព្យាយាមរកប្រាក់ពី Twitter ពិសេសគឺការលក់ tick ពណ៌ផ្ទៃមេឃក្នុងតម្លៃ 8 ដុល្លារ/ខែ។ ប្រការនេះធ្វើឱ្យមានការតវ៉ាពីអ្នកលេង Twitter។
លោក ម៉ាស សម្រេចបានកិច្ចព្រមព្រៀងក្នុងការទិញ Twitter ក្នុងតម្លៃ 44 ពាន់លានដុល្លារកាលពីពេលថ្មីៗនេះ។ ចាប់ពីពេលនោះ លោក ម៉ាស ចាប់ផ្ដើមដាក់ផែនការបញ្ឈប់បុគ្គលិកជាបន្តបន្ទាប់ និងរំសាយក្រុមប្រឹក្សាភិបាល ហើយធ្វើឱ្យ Twitter ក្លាយជាក្រុមហ៊ុនឯកជន។ Twitter ក៏ប្រឈមនឹងការបាត់បង់អតិថិជនជាបន្តបន្ទាប់ផងដែរ៕