Volvo បញ្ចេញ​ផលិតផល​ថ្មី​​នៅ​ អឺរ៉ុប វាយលុក «ទីផ្សារ​រថយន្ត​អគ្គិសនី» ពិភពលោក

Volvo EX90 ថ្មី​នេះ​គឺជា​រថយន្ត​ប្រភេទ SUV មាន​កៅអី 7 បំពាក់​បច្ចេកវិទ្យា​ទំនើប ហើយ​បញ្ចូល​ថាមពល​អគ្គិសនី​​ម្ដង​អាច​ជិះ​បាន 600 គីឡូម៉ែត្រ។

ក្រុមហ៊ុន​ផលិត​រថយន្ត Volvo ទើបតែ​បានបង្ហាញ​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ថ្មី​របស់ខ្លួន​នៅ Stockholm ប្រទេស​ស៊ុយអែត ដែលជា​ការចាប់​ផ្ដើម​​របស់​ក្រុមហ៊ុន​ក្នុងការ​ឆ្ពោះទៅរក​អនាគត​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ទាំងស្រុង។

Volvo ឱ្យដឹងថា EX90 ថ្មី​នេះ​គឺជា​រថយន្ត SUV ​កៅអី​ 7 និង​ដំណើរការ​ដោយ​អគ្គិសនី​ទាំងស្រុង​ ជាមួយនឹង​ស្ដង់ដា​សុវត្ថិភាព​ខ្ពស់។ ម៉ូ​ដែល​រថយន្ត​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី 09 វិច្ឆិកា​នេះ​ក៏មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ទាក់ទង​នឹង​ប្រព័ន្ធ​កុំព្យូទ័រ ការតភ្ជាប់​បណ្ដាញ​បច្ចេកវិទ្យា និង​ប្រព័ន្ធ​អគ្គិសនី​ដើម្បី​លើកកម្ពស់​សុវត្ថិភាព ប្រសិទ្ធភាព និង​សោភណភាព។

ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់ Volvo លោក Jim Rowan ឱ្យដឹងថា «Volvo EX90 គឺជា​ប្រកាស​មួយ​បង្ហាញថា យើងខ្ញុំ​កំពុង​ស្ថិតនៅ​ចំណុច​ណា និង​កំណត់​ទិសដៅ​ដែល​យើងខ្ញុំ​នឹង​ឆ្ពោះទៅរក»។

យោងតាម​លោក Rowan រថយន្ត​អគ្គិសនី Volvo EX90 នេះ អាច​ជិះ​បាន​ចម្ងាយ​ផ្លូវ 600 គីឡូម៉ែត្រ បន្ទាប់ពី​បាន​បញ្ចូល​ថាមពល​អគ្គិសនី​ម្ដង។ Volvo EX90 នឹងត្រូវ​បាន​ផលិត​នៅ សហរដ្ឋ​អាម៉េរិក ចាប់ពី​ឆ្នាំ 2023 ហើយ​ក្រោយមក​នឹង​ផលិត​នៅ ប្រទេស​ចិន។

ក្រុមហ៊ុន Volvo របស់​ ស៊ុយអែត ប្រកាសថា ចាប់ពី​ឆ្នាំ 2030 ពួកគេ​នឹង​ផលិត និង​លក់​តែ​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ទាំងស្រុង​ប៉ុណ្ណោះ៕

Leave a Comment