World Cup ត្រូវបានគេរំពឹងថា នឹងក្លាយជាកត្តាជំរុញសេដ្ឋកិច្ចដ៏ធំសម្រាប់ ប្រទេសកាតា ក្នុងនោះ ភាគច្រើនស្ថិតក្នុងវិស័យសំណង់ និងទេសចរណ៍។
Nasser AI Khater ប្រធាន FIFA World Cup Qatar 2022 បានប្រាប់ Bloomberg ថា ប្រទេសកាតា គ្រោងនឹងទាក់ទាញភ្ញៀវបានពី 1 ទៅ 1.5 លាននាក់នៅក្នុងរដូវ World Cup ឆ្នាំនេះ។ ដូច្នេះ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ធំជាងគេក្នុងពិភពលោកនេះ អាចនាំមកនូវប្រាក់ចំណូលឱ្យ កាតា 17 ពាន់លានដុល្លារអាម៉េរិក (ទាបជាងបន្តិច ធៀបនឹងការព្យាករ 20 ពាន់លានដុល្លារមុននោះ)។
តួលេខដែលប្រធាន FIFA World Cup Qatar 2022 បានលើកឡើងគឺប្រហាក់ប្រហែលនឹង 10% នៃ GDP ឆ្នាំ 2021 របស់ កាតា។ Hassan AI Thawadi ដែលជាអគ្គលេខាធិការនៃគណៈកម្មការទទួលបន្ទុកសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ World Cup 2022 បាននិយាយថា ការគណនាខាងលើគឺជាលទ្ធផលមួយនៃ «ការស្រាវជ្រាវជាន់ខ្ពស់»។ ក៏ប៉ុន្តែ ការព្យាករលម្អិតនឹងពិបាកប៉ានស្មាននាបច្ចុប្បន្ន។
World Cup ត្រូវបានគេរំពឹងថា នឹងក្លាយជាកត្តាជំរុញសេដ្ឋកិច្ចដ៏ធំសម្រាប់ ប្រទេសកាតា ក្នុងនោះ ភាគច្រើនស្ថិតក្នុងវិស័យសំណង់ និងទេសចរណ៍។ លោក Hassan AI Thawadi ឱ្យដឹងថា World Cup «នឹងដើរតួជាក្បាលម៉ាស៊ីនជំរុញ និងពន្លឿនសម្រាប់គំនិតផ្ដួចផ្ដើមដែលរដ្ឋាភិបាលបានសន្យាអនុវត្ត និងបានរៀបផែនការពីមុន ទោះជាការអភិវឌ្ឍទីក្រុង ឬពិពិធកម្មសេដ្ឋកិច្ច»។
កាតា ចង់ប្រើប្រាស់ព្រឹត្តិការណ៍ World Cup 2022 ដើម្បីឃោសនាប្រទេសរបស់ខ្លួន ក្នុងបំណងជំរុញកំណើនសេដ្ឋកិច្ច ក្នុងនោះ ការទាក់ទាញភ្ញៀវបរទេសដែលជាអ្នកគាំទ្រវិស័យបាល់ទាត់ត្រូវបានយកចិត្តទុកដាក់ជាងគេ។
បន្ទប់រាប់ពាន់ក្នុងបណ្ដាសណ្ឋាគារលំដាប់ខ្ពស់ត្រូវបានទុកសម្រាប់តែក្រុមមន្ត្រី FIFA និងកីឡាករបាល់ទាត់។ លោក AI Khater បានឱ្យដឹងថា ប្រទេសកាតា ក៏នឹងបង្កើនចំនួនបន្ទប់សម្រាប់ទេសចរផងដែរ។ ជាសរុប កាតា បានចំណាយប្រហែល 200 ពាន់លានដុល្លារសម្រាប់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ បណ្ដាគម្រោងដទៃ រាប់ចាប់តាំងពីដណ្ដើមបានសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក (World Cup)។
ក៏ប៉ុន្តែ មនុស្សជាច្រើនមានការបារម្ភថា World Cup នៅ កាតា នឹងមិនសូវ «គគ្រឹកគគ្រេង» ព្រោះតែវិន័យសាសនាអ៊ីស្លាម ដែលប្រកាន់តឹងតាំងពីការស្លៀកពាក់ រហូតដល់ភេសជ្ជមានជាតិអាល់កុល។
ទោះជាយ៉ាងណាក៏ដោយ លោក Al Thawadi បានបញ្ជាក់ថា វិស័យឯកជននឹងមានសិទ្ធិសម្រេចលើការផ្ដល់សម្លៀកបំពាក់ដល់អតិថិជន។ ចំណែកស្រាក៏នឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងទីតាំងដែលបានកំណត់ ដូចជាទីតាំងសម្រាប់អ្នកគាំទ្របាល់ទាត់ជាដើម៕