(ភ្នំពេញ)៖ កម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ 2022 បានកំណត់បន្ថែមនូវ «គោលដៅយុទ្ធសាស្ត្រចំនួន 4» ដើម្បីពង្រឹងការតភ្ជាប់ឌីជីថល ក៏ដូចជាការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ក្នុងបំណងធ្វើឱ្យការប្រកួតប្រជែងរបស់អាស៊ាន និងការអភិវឌ្ឍប្រកបដោយចីរភាព នេះបើតាមការបញ្ជាក់នៅក្នុងសុន្ទរកថារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ 2022 ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ 2022។
យោងតាមសុន្ទរកថារបស់ សម្តេចតេជោ ហ៊ុន សែន «គោលដៅយុទ្ធសាស្ត្រចំនួន 4» រួមមាន ទីមួយ ៖ ការពង្រឹងការតភ្ជាប់ឌីជីថល, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ទីពីរ ៖ ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន, ទីបី ៖ ការជំរុញសមាហរណកម្ម, បរិយាប័ន្ន, ភាពធន់ និងភាពប្រកួតប្រជែងអាស៊ានឱ្យខ្លាំងជាងមុន និងទីបួន ៖ អាស៊ានជាសកលសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍ សំដៅជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់ផងដែរ។
សូមបញ្ជាក់ថា ពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ 2022 នេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃ ទី 10 វិច្ឆិកា 2022 នាសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ ក្នុងគ្រាដែល កម្ពុជា ក្នុងនាមជាប្រធានអាស៊ានបន្តវេន 2022 ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី 40 និង 41 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី 10 ដល់ 13 វិច្ឆិកា 2022៕