ផ្លូវដែកល្បឿនលឿនថ្មីដែលនឹងមានស្ពានទំហំធំ និងមធ្យមចំនួន 36 កន្លែង, រូងក្រោមដី 17 កន្លែង និងអាចបើកបរក្នុងល្បឿន 250 គីឡូម៉ែត្រ/ម៉ោង ត្រូវបានសម្ពោធបើកការដ្ឋានកាលពីថ្ងៃទី 03 វិច្ឆិកា 2022។
ផ្លូវដែកល្បឿនលឿនឆ្លងកាត់សមុទ្រ Yong-Zhou នឹងតភ្ជាប់បណ្ដាទីក្រុង Ningbo និង Zhoushan នៅក្នុងខេត្ត Zhejiang នេះបើតាមក្រុមហ៊ុនសិក្សា និងស្ថាបត្យកម្មផ្លូវដែកចិន Siyuan។
នៅតាមបណ្ដោយផ្លូវដែកប្រវែងជាង 76 គីឡូម៉ែត្រនេះ នឹងមានស្ពានធំ និងមធ្យមចំនួន 36 ស្ពាន រួមនឹងរូងក្រោមដីចំនួន 17 កន្លែង។ បណ្ដាស្ពាន និងរូងក្រោមដីនឹងមានចំណែករហូតដល់ជាង 90% នៃប្រវែងសរុបរបស់ផ្លូវដែក។ ផ្លូវដែកល្បឿន 250 គីឡូម៉ែត្រ/ម៉ោង និងមានស្ថានីយចំនួន 7 នេះ នឹងត្រូវបានសាងសង់ឆ្លងកាត់ផ្លូវទឹកចំនួន 4 រួមមាននៅតំបន់ Jintang, Xihoumen, Taoyaomen និង Fuchimen។
តាមគម្រោង ផ្លូវដែកនេះនឹងមានរូងក្រោមសមុទ្រប្រវែងជាង 16 គីឡូម៉ែត្រនៅត្រង់កំណាត់ផ្លូវក្រោមទឹក Jintang។ នៅឯកំណត់ផ្លូវក្រោមទឹកនៅ Xihoumen ក្រុមហ៊ុននឹងសាងសង់ស្ពានថ្មើរជើង-ផ្លូវដែកប្រវែងជាង 1.5 គីឡូម៉ែត្រ។ ហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងទាំងមូលគ្រោងនឹងស្ថាបនារួចរាល់ក្នុងរយៈពេល 6 ឆ្នាំទៀត។
នៅពេលសាងសង់រួចរាល់ ផ្លូវដែកល្បឿនលឿននេះនឹងជួយកាត់បន្ថយពេលវេលានៃការធ្វើដំណើររវាង Ningbo និង Zhoushan ចុះមកនៅត្រឹម 30 នាទី ដែលប្រហាក់ប្រហែលនឹង 1/3 នៃពេលវេលាធ្វើដំណើរនាបច្ចុប្បន្ន។ ចំណែកការធ្វើដំណើរ 4.5 ម៉ោងតាមឡានក្រុង ឬ 2.5 ម៉ោងតាមឡានផ្ទាល់ខ្លួន រវាងក្រុងរដ្ឋបាល Hangzhou របស់ខេត្ត Zhejiang និងក្រុង Zhoushan ក៏ត្រូវចុះមកនៅត្រឹម 80 នាទី។
យោងតាម CGTN ផ្លូវដែក Yong-Zhou ដែលស្ថិតក្នុងផែនការសាងសង់ «រង្វង់ចរាចរណ៍ផ្លូវដែកល្បឿនលឿនមួយម៉ោង» នៅក្នុងខេត្ត Zhejiang នេះក៏នឹងជួយពន្លឿនដំណើរការបញ្ចូល Zhoushan និង Ningbo ទៅក្នុងខ្សែក្រវាត់សេដ្ឋកិច្ចទន្លេ Yangtze របស់ ប្រទេសចិន ផងដែរ៕