សេត​វិមាន​បញ្ចេញ​កញ្ចប់​ថវិកា 185 ពាន់​លាន​ដុល្លារ ដើម្បី​វិនិយោគ​លើ​ការស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ

អ្នកសម្របសម្រួល​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​របស់ សេត​វិមាន បាន​លើកឡើងថា រដ្ឋាភិបាល​អាម៉េរិក បានកំណត់​យក​គម្រោង​ចំនួន 6,200 ដែល​ត្រូវការ​ដើមទុន សម្រាប់​ការស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ។

ប្រកាស​កាលពី​ថ្ងៃទី 04 វិច្ឆិកា​របស់ សេត​វិមាន បានឱ្យដឹងថា សហរដ្ឋ​អាម៉េរិក ទើបតែ​បញ្ចេញ​ប្រាក់ 185 ពាន់​លាន​ដុល្លារ​ពី​ច្បាប់​ហេដ្ឋារចនាសម្ព័ន្ធ​តម្លៃ​ជាង 1 ទ្រី​លាន (1,000,000,000,000.00) ដុល្លារ​អាម៉េរិក ដើម្បី​វិនិយោគ​ទៅលើ​ការជួសជុល​ផ្លូវ ពង្រីក​បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត ប្ដូរ​បំពង់​បង្ហូរ​ស្អាត និង​ស្ដារ​បណ្ដាញ​អគ្គិសនី។

នៅ​ចំពោះមុខ​ក្រុម​អ្នកយកព័ត៌មាន អ្នកសម្របសម្រួល​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​របស់ សេត​វិមាន Mitch Landrieu លើកឡើងថា រដ្ឋាភិបាល​អាម៉េរិក បានកំណត់​យក​គម្រោង​ចំនួន 6,200 ដែល​ត្រូវការ​ដើមទុន និង​ជួល​បុគ្គលិក​រដ្ឋ​ថ្មី​ជាង 3,000 នាក់ ដើម្បី​តាមដាន​ការចំណាយ​សម្រាប់​គម្រោង​ទាំងនេះ។

លោក Mitch Landrieu បាន​អះអាងថា «រដ្ឋាភិបាល​បាន​បញ្ចេញ​ប្រាក់​ប្រហែល 1/5 (នៃ​កញ្ចប់​ថវិកា​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​តម្លៃ​ជាង 1 ទ្រី​លាន) នៅក្នុង​ឆ្នាំ​ដំបូង»។

សេចក្ដីព្រាងច្បាប់​ហេដ្ឋារចនាសម្ព័ន្ធ​តម្លៃ​ជាង 1 ទ្រី​លាន​ដុល្លារ ត្រូវបាន ប្រធានាធិបតី ចូ បៃ​ដិ​ន ចុះហត្ថលេខា​កាលពី​ខែវិច្ឆិកា 2021។ នេះ​គឺជា​ច្បាប់​ដែល​ត្រូវបាន​អនុម័ត​ដើម្បី​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រង់ទ្រាយ​ធំ​បំផុត​របស់ សហរដ្ឋ​អាម៉េរិក ក្នុង​រង្វង់​ជាង​កន្លះ​សតវត្សរ៍​កន្លងមកនេះ។ ច្បាប់​នេះ​អនុញ្ញាតឱ្យ​រដ្ឋ​វិនិយោគ​ទៅលើ​បណ្ដាញ​ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ប្ដូរ​បំពង់​បង្ហូរ​ទឹកស្អាត បង្កើត​បណ្ដាញ​បញ្ចូល​ថាមពល​ថ្ម​សម្រាប់​យានយន្ត​អគ្គិសនី និង​ពង្រីក​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត៕

Leave a Comment