ក្រុមហ៊ុនផលិតយន្តហោះ Airbus បានឱ្យដឹងថា យន្តហោះ 140 គ្រឿងនេះសុទ្ធតែស្ថិតក្នុងការសន្យាទិញដែលមានពីមុន និងស្ថិតក្នុងការបញ្ជាទិញ 292 គ្រឿងដែលបានប្រកាសកាលពីដើមឆ្នាំ។
ក្រុមហ៊ុន China Aviation Supply (CAS) Holding របស់ ប្រទេសចិន បានចុះហត្ថលេខាទិញយន្តហោះ 140 គ្រឿងរបស់ Airbus (បារាំង) ក្នុងតម្លៃប្រហែល 17 ពាន់លានដុល្លារអាម៉េរិក កាលពីថ្ងៃទី 04 វិច្ឆិកា 2022។
ក្រុមហ៊ុនផលិតយន្តហោះ Airbus បានឱ្យដឹងថា យន្តហោះទាំងនេះសុទ្ធតែស្ថិតក្នុងការសន្យាទិញដែលមានពីមុន ហើយមួយចំនួនស្ថិតក្នុងការបញ្ជាទិញយន្តហោះប្រតិកម្ម 292 គ្រឿងដែលបានប្រកាសកាលពីដើមឆ្នាំ 2022។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីម្សិលមិញនេះ ត្រូវបានធ្វើឡើងស្របពេលដែលមានដំណើរទស្សនកិច្ចនៅ ប្រទេសចិន របស់ នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Olaf Scholz។
ក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួន 3 របស់ រដ្ឋចិន រួមមាន Air China, China Eastern និង China Southern កាលពីខែកក្កដា បានសន្យាថាទិញយន្តហោះប្រតិកម្មសរុបចំនួន 292 គ្រឿងរបស់ Airbus ដែលនេះគឺជាការបញ្ជាទិញធំជាងគេនាអំឡុងពេលនោះរបស់ ប្រទេសចិន រាប់ចាប់តាំងពីវិបត្តិកូវីដបានផ្ទុះឡើង។
CAS បានឱ្យដឹងថា កិច្ចព្រមព្រៀងទិញយន្តហោះកាលពីម្សិលមិញ រួមមានយន្តហោះស៊េរី A320 ចំនួន 132 គ្រឿង និង យន្តហោះស៊េរី A350 ចំនួន 8 គ្រឿង៕