គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួនពីរ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន នេះបើតាមទំព័របណ្ដាញសង្គមរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញផ្សាយនារសៀលថ្ងៃទី 04 វិច្ឆិកា 2022។
ក្រុមហ៊ុនវិនិយោគទាំងនេះដែលរួមមាន ក្រុមហ៊ុន «NEW SHUI YAT (CAMBODIA) CO., LTD និងក្រុមហ៊ុន KANJIN (CAMBODIA) LUGGAGE CO., LTD នេះ គ្រោងនឹងបណ្ដាក់ទុនវិនិយោគសរុប 14 លានដុល្លារអាម៉េរិក និងបង្កើតការងារសរុបជាង 2,000 កន្លែង។
ក្រុមហ៊ុន «NEW SHUI YAT (CAMBODIA) CO., LTD» គ្រោងនឹងបង្កើតរោងចក្រផលិតកេសកាតុង ថង់ប្លាស្ទិក និងអេប៉ុង ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ 8.5 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 358 កន្លែង។
ក្រុមហ៊ុន «KANJIN (CAMBODIA) LUGGAGE CO., LTD» គ្រោងនឹងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ21B ភូមិអន្លង់សាន្ត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ 5.5 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,770 កន្លែង។