ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាង ប្រទេសកម្ពុជា និង ប្រទេសវៀតណាម សម្រេចបានជាង 4 ពាន់លានដុល្លារអាម៉េរិក នៅក្នុងរយៈពេល 9 ខែដើមឆ្នាំ 2022 ដែលនេះបានជួយឱ្យ ប្រទេសវៀតណាម ក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេបង្អស់របស់ កម្ពុជា នៅក្នុង តំបន់អាស៊ាន។
ការនាំចេញទំនិញរបស់ កម្ពុជា ទៅកាន់ វៀតណាម សម្រេចបាន 1.5 ពាន់លានដុល្លារ កើន 3% ធៀបនឹងឆ្នាំ 2021 និងការនាំចូលទំនិញពី វៀតណាម សម្រេចបាន 3 ពាន់លានដុល្លារ កើន 35%។ ដូច្នេះ នៅក្នុងរយៈពេល 3 ត្រីមាសដើមឆ្នាំ 2022 នេះ ការដោះដូរទំនិញសរុបរវាង កម្ពុជា និង វៀតណាម សម្រេចបានជាង 4 ពាន់លានដុល្លារអាម៉េរិក កើន 22% ធៀបនឹងឆ្នាំ 2021។
នៅក្នុង តំបន់អាស៊ីអាគ្នេយ៍ ប្រទេសថៃ គឺជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទី 2 របស់ កម្ពុជា សម្រាប់ 9 ខែដើមឆ្នាំនេះ។ ក្នុងរយៈពេល 9 ខែដើមឆ្នាំ 2022 ការនាំចេញរបស់ កម្ពុជា ទៅកាន់ទីផ្សារប្រទេសថៃ សម្រេចបានជាង 6 រយលានដុល្លារអាម៉េរិក កើន 38% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ 2021 ខណៈដែលការនាំចេញរបស់ ប្រទេសថៃ មកកាន់ កម្ពុជា សម្រេចបានជិត 3 ពាន់លានដុល្លារអាម៉េរិក កើន 25%។ ជារួម ទំហំពាណិជ្ជកម្មទ្វេភាគីរវាង ប្រទេសថៃ និង កម្ពុជា សម្រេចបានជាង 3 ពាន់លានដុល្លារ កើន 27% ធៀបនឹង 9 ខែដើមឆ្នាំ 2021។
ដោយឡែក ការដោះដូរពាណិជ្ជកម្មរវាង កម្ពុជា ជាមួយនឹងបណ្ដាប្រទេសអាស៊ាន ក្នុងរយៈពេល 9 ខែដើមឆ្នាំ 2022 នេះ សម្រេចបានជាង 12 ពាន់លានដុល្លារអាមេរិក កើន 10% ធៀបនឹង 9 ខែដើមឆ្នាំមុន។ ចំណែកការដោះដូរពាណិជ្ជកម្មរវាង កម្ពុជា ជាមួយនឹងពិភពលោកទាំងមូល សម្រេចបានជាង 41 ពាន់លានដុល្លារអាមេរិក កើនជាង 18% បើធៀបនឹង 9 ខែដើមឆ្នាំ 2021៕