ដោយសារតែចរន្តនៃបច្ចេកវិទ្យាព័ត៌មានវិទ្យា និងការអប់រំមានការអភិវឌ្ឍ ស្ត្រីកម្ពុជាដែលធ្លាប់ស្ថិតក្នុងគំនាបប្រពៃណី និងទំនៀមទម្លាប់យ៉ាងតឹងតែង បានអភិវឌ្ឍយ៉ាងលឿនជាមួយនឹងការយកចិត្តទុកដាក់ពីគ្រប់ភាគីក្នុងសង្គម។
ថ្មីៗនេះ អង្គការ Plan international Cambodia បានបង្កើតកម្មវីធីមួយឈ្មោះថា «ខ្ញុំដើម្បីខ្ញុំ» ដើម្បីជំរុញឱ្យក្មេងសម្រេចក្តីស្រមៃរបស់ខ្លួននៅថ្ងៃអនាគតក្នុងការចូលរួមចំណែកក្នុងវិស័យសំខាន់ៗរបស់សង្គម។ កម្មវិធីនេះបានប្រមូលក្មេងស្រីយ៉ាងតិច 20នាក់មកពីតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជាឱ្យបានជួបជាមួយនឹងរដ្ឋមន្ត្រី ព្រឹទ្ធបុរសនៃសាកលវិទ្យាល័យ ប្រធានគ្រប់គ្រងក្រុមហ៊ុនឯកជន និងនាយកអង្គការមិនមែនរដ្ឋភិបាល ដើម្បីផ្តល់ឱកាសដល់ពួកគេបានស្គាល់ពីតួនាទី និងត្រៀមខ្លួនសម្រួចគោលដៅរបស់ខ្លួនឆ្ពោះទៅកាន់តំណែងសំខាន់ៗទាំងអស់នោះ។
លោក Jan Japp Kleinrensink នាយកប្រចាំប្រទេសនៃអង្គការ Plan international Cambodia បានថ្លែងថា ក្មេងស្រីនៅតែប្រឈមនឹងការរារាំងនៅក្នុងជីវិតរបស់ពួកគេសម្រាប់ការអភិវឌ្ឍ និងការសម្រេចជោគជ័យ ដើម្បីទទួលបានក្តីស្រមៃរបស់ខ្លួន។ ក្មេងស្រីនៅតែមានអំណាចតិចតួចក្នុងការសម្រេចចិត្ត ឬបង្កើតជម្រើសសម្រាប់ខ្លួនឯង។
លោកបញ្ជាក់ថា កម្មវិធី «ខ្ញុំដើម្បីខ្ញុំ» គឺផ្តោតសំខាន់ទៅលើអំណាច និងសក្តានុពលរបស់ក្មេងស្រី។ នៅពេលក្មេងស្រីមានឱកាស និងជម្រើសក្នុងជីវិត ពួកគេអាចប្រែក្លាយជីវិតរស់នៅ និងសហគមន៍របស់ពួកគេបាន។
កាលពីឆ្នាំមុន អង្គការភ្លែនអន្តរជាតិកម្ពុជា បានចាប់ផ្តើមកម្មវិធី «ខ្ញុំដើម្បីខ្ញុំ» ដែលបានអនុវត្តនៅតែក្នុង សហគមន៍ប៉ុណ្ណោះ ដោយបានជ្រើសរើសក្មេងស្រី 6នាក់ មកពីតំបន់ដាច់ស្រយាលនៃខេត្តចំនួន3គឺ ខេត្តសៀមរាប ត្បូងឃ្មុំ និងខេត្តរតនគិរី។
ទន្ទឹមនឹងកម្មវិធីនេះ នៅកម្ពុជាក៏មានអង្គការមួយចំនួនទៀតផងដែរដែលផ្តល់ឱកាសឱ្យក្មេងស្រីជួបជាមួយនឹងអ្នកជំនាញមកពីវិស័យសំខាន់ៗនៅលើពិភពលោក។
លោក Mario Ferro នាយកប្រតិបត្តិនៃអង្គការ Wedu ដែលមានបេសកកម្មពង្រឹងភាពជាអ្នកដឹកនាំដល់ស្ត្រីនៅអាស៊ីតាមរយៈកម្មវិធីប្រឹក្សាយោបល់ពីអ្នកជំនាញនៅក្នុងបណ្តាប្រទេសទាំងឡាយនៅអឺរ៉ុប និងនៅសហរដ្ឋអាមេរិក និងជាអតីតម្ចាស់ជយលាភីលើគម្រោងអាជីវកម្ម នៅសាកលវិទ្យាល័យខេមប្រីដត៍ )Cambridge) ដ៏ល្បីល្បាញរបស់ពិភពលោកបានផ្តួចផ្តើមបង្កើតគម្រោងអប់រំមួយ ដើម្បីផ្តល់ឱកាសដល់ យុវជនក្នុងប្រទេសកំពុងអភិវឌ្ឍន៍ឱ្យមានឱកាសទទួលបានការប្រឹក្សាយោបល់ពីបណ្តាអ្នកជំនាញដែលកំពុងបំពេញការងារនៅទ្វីបអឺរ៉ុប និងនៅសហរដ្ឋអាមេរិក។
កាលពីឆ្នាំ 2013 នាយកប្រតិបត្តិ និងជាស្ថាបនិកនៃអង្គការអន្តរជាតិរូបនេះ បានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយបាននាំយកគម្រោងដ៏មានសារៈសំខាន់មួយនេះមកជាមួយផងដែរ។ លោកថែមទាំងបានជួយស្ត្រីកម្ពុជាចំនួន3រូបដែលទទួលបានការប្រឹក្សាយោបល់ពីគម្រោងរបស់ Wedu ឱ្យមានការផ្លាស់ប្តូរពីបុគ្គលធម្មតា និងមានភាពខ្មាសអៀនច្រើនឱ្យក្លាយជានិស្សិតដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យល្បីៗទាំងក្នុង និងក្រៅប្រទេស។
លោក Mario បានថ្លែងថា កម្មវិធី Wedu ត្រូវបានបង្កើតឡើងដើម្បីជួយយុវជនដែលជាស្ត្រីនៅអាស៊ីក្នុងការពង្រឹងសមត្ថភាពនៃភាពជាអ្នកដឹកនាំសម្រាប់រួមចំណែកជួយដឹកនាំសង្គមរបស់ពួកគេ។ ហេតុផលដែលត្រូវជ្រើសរើសយកស្ត្រីនៅអាស៊ី ព្រោះលោកបានស្រាវជ្រាវឃើញថា សមត្ថភាពនៃភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅអាស៊ីនៅមានកម្រិតនៅឡើយ ហើយចំនួនស្ត្រីនៅក្នុងស្ថាប័នដឹកនាំក៏មានចំនួនតិចតួចបើប្រៀបធៀប នឹងបណ្តាប្រទេសនៅអឺរ៉ុប ឬនៅសហរដ្ឋអាមេរិកជាដើម។
លោក Marrio Ferro មានប្រសាសន៍ថា៖ «ខ្ញុំចង់ឃើញស្ត្រីនៅកម្ពុជាមានភាពជាអ្នកដឹកនាំដើម្បីផ្លាស់ប្តូរសង្គមរបស់គាត់ឱ្យកាន់តែប្រសើរឡើង»។
ស្ថាបនិកអង្គការដែលជួយដល់យុវជនជាលក្ខណៈអន្តរជាតិរូបនេះ បានបង្ហាញថា រហូតមកដល់ពេលបច្ចុប្បន្ន គម្រោងរបស់ Wedu មានអ្នកជំនាញជាច្រើននៅលើពិភពលោកដែលមានអាជីពផ្សេងៗគ្នាបានចុះឈ្មោះធ្វើជាអ្នកប្រឹក្សាយោបល់ )Mentor) ដើម្បីជួយជាគំនិតដល់បណ្តាស្ត្រីនៅអាស៊ីឱ្យបានយល់ដឹងពីការធ្វើការងារ និងវិធីសាស្ត្រ ក្នុងការគិតដែលមានលក្ខណៈជាសកល។ លោកបានបន្តថា យុវជនដែលចង់សិក្សាលើគ្រប់ផ្នែក នឹងទទួលបានការប្រឹក្សាយោបល់ពីអ្នកជំនាញលើអាជីពដែលគេកំពុងសិក្សានោះ៕