លោក អ៊ីឡុន ម៉ាស ត្រូវបានគេជឿថា កំពុងតែត្រៀមបញ្ឈប់ការងាររបស់បុគ្គលិកចំនួនពាក់កណ្ដាលរបស់បណ្ដាញសង្គម Twitter នៅក្នុងសប្ដាហ៍នេះ។
យោងតាម The Verge មហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូងរូបនេះ បានជួបពិភាក្សាជាមួយក្រុមប្រឹក្សាយោបល់កាលពីព្រលប់ថ្ងៃទី 02 វិច្ឆិកា ក្នុងនោះមានទាំងអតីតនាយកប្រតិបត្តិរបស់ PayPal លោក David Sacks ផងដែរ។ លោក Sacks ត្រូវបានគេព្យាករថា អាចនឹងចូលកាន់តំណែងជាអ្នកគ្រប់គ្រង Twitter នាពេលអនាគត។
ប្រភពព័ត៌មានខាងលើឱ្យដឹងថា លោក ម៉ាស បានកំណត់ផែនការបញ្ឈប់បុគ្គលិកប្រហែល 3,800 នាក់នាពេលខាងមុខ។ ចំណែក Bloomberg វិញ ផ្សាយថា តួលេខនេះគឺ 3,700 នាក់។ បច្ចុប្បន្ន បណ្ដាញសង្គម Twitter មានបុគ្គលិកជាង 7,500 នាក់។
យោងតាម Bloomberg សេចក្ដីជូនដំណឹងអំពីការបញ្ឈប់បុគ្គលិកខាងលើនឹងត្រូវបានប្រកាសនៅថ្ងៃស្អែក (04 វិច្ឆិកា)។ បុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារនេះអាចទទួលបានសំណងរយៈពេល 60 ថ្ងៃ។
ផែនការខាងលើនេះបានលេចឡើងបន្ទាប់ពីលោក ម៉ាស បានបញ្ឈប់ការងារមេដឹកនាំសំខាន់ៗរបស់ Twitter មានដូចជា CEO Parag Agrawal និងក្រុមប្រឹក្សាភិបាលដែលមានមនុស្ស 9 នាក់ ក្រោយពីគាត់បានចូលគ្រប់គ្រងបណ្ដាញសង្គមនេះ៕