ភ្នំពេញ – ដើម្បីកសាងកម្លាំងជំនាញ និងឱ្យស្របទៅតាមទីផ្សារការងារ ថ្មីៗនេះកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ2017-2025 ធ្វើយ៉ាងណាឱ្យកម្ពុជាអាចមានកម្លាំងពលកម្មជំនាញតម្រូវទៅតាមទីផ្សារការងារ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា ការបង្កើតគោលនយោបាយជាតិស្ដីពីការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈថ្នាក់ជាតិ 2017-2025 គឺជាដំណើរការនៃការកសាងកម្លាំងជំនាញឱ្យមានសមត្ថភាព និងលទ្ធភាពអាចប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់ ដែលជាកាតព្វកិច្ចដ៏សំខាន់ដើម្បីឈានទៅដល់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ច និងស្ថិរភាពសង្គមប្រកបដោយចីរភាព។
ជាមួយគ្នានេះសម្ដេច ហ៊ុន សែន បញ្ជាក់ថា ដើម្បីធានាឱ្យគោលនយោបាយស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស 2017-2025 អនុវត្ដឱ្យកាន់តែមានប្រសិទ្ធភាព ត្រូវបន្ដពង្រឹងការអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយបន្ដអនុវត្ដប្រព័ន្ធធានាគុណភាព ពង្រឹងគរុកោសល្យ និងបច្ចេកទេសរបស់គ្រូបណ្ដុះបណ្ដាលហេដ្ឋារចនាសម្ព័ន្ធ រួមទាំងធនធានមូលដ្ឋានសម្រាប់រៀន និងបង្រៀន ដោយឆ្លើយតបការអភិវឌ្ឍបច្ចេកវិទ្យាថ្មីសម្រាប់តម្រូវការទីផ្សារការងារ។
ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានលើកឡើងថា ការបង្កើតគោលនយោបាយនេះបានបង្ហាញពីភាពចាំបាច់នៃការបង្កើតយុទ្ធសាស្ដ្រនៃការអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដល់កម្លាំងពលកម្មធ្វើយ៉ាងណាឱ្យឆ្លើយតបទៅនឹងទីផ្សារការងារ។ ពិសេសវាបានរួមចំណែកក្នុងការអភិវឌ្ឍដល់វិស័យឧស្សាហកម្មបង្កើតការងារ និងធានាបានគុណភាពផលិតភាពខ្ពស់របស់កម្លាំងពលកម្មដែលអាចប្រកួតប្រជែងកាន់តែប្រសើរជាងមុនជាមួយបណ្ដាប្រទេសក្នុងតំបន់។ ក្នុងនោះឯកឧត្ដមបន្ដថា ក្នុងបរិបទនៃការប្រកួតប្រជែងឥតឈប់ឈរ និងស្វែងរកឧត្ដមភាព ទាមទារឱ្យកម្ពុជាកាន់តែប្រឹងប្រែងបង្កើនគុណភាពក្នុងផលិតផល និងសេវាកម្មរបស់ខ្លួនឱ្យបានកម្រិតអតិបរមា៕