ក្រុមហ៊ុន Google នឹងអភិវឌ្ឍកម្មវិធី AI ដែលបំពាក់ភាសាប្រមាណ 1,000 ដែលត្រូវបានគេប្រើប្រាស់ច្រើនជាងគេក្នុងពិភពលោក ក្នុងគ្រាដែលបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សកំពុងប្រជែងគ្នាគ្រប់គ្រងទីផ្សារអ៊ីនធើណិត។
Google កាលពីថ្ងៃទី 2 វិច្ឆិកា បានឱ្យដឹងថា ក្រុមហ៊ុននេះកំពុងរៀបផែនការអភិវឌ្ឍកម្មវិធីបញ្ញាសិប្បនិម្មិត ដោយបំពាក់ភាសាចំនួន 1,000 ដែលត្រូវបានប្រើប្រាស់ច្រើនជាងគេនៅលើពិភពលោក ក្នុងបំណងកែសម្រួលមុខងារបកប្រែ ដោយសារថា ទិន្នន័យគឺជាកត្តាសំខាន់ដើម្បីឆ្ពោះទៅរកការរីកចម្រើននៃវិស័យ AI និងជួយឱ្យផលិតផលរបស់ពួកគេដំណើរការបានល្អជាងមុន និងមានប្រយោជន៍កាន់តែច្រើនសម្រាប់មនុស្សភាគច្រើន។
លោក Johan Schalkwyk អ្នកស្រាវជ្រាវនៅ Google បានឱ្យដឹងថា បច្ចុប្បន្ន ពិភពលោកមានភាសាជាង 7,000 ឯណោះ ប៉ុន្តែ Google មកដល់ពេលនេះបានផ្ដល់ការបកប្រែសម្រាប់ភាសាតែជាង 130 ប៉ុណ្ណោះ។ ដូច្នេះ ក្រុមហ៊ុននេះកំពុងឆ្ពោះទៅរកការពង្រីកមុខងារបកប្រែ និងចង់ទាញយកទិន្នន័យនៅលើភាសាថ្មីដែលមិនត្រឹមតែយោងទៅលើអត្ថបទដែលមាននៅលើអ៊ីនធើណិតនោះទេ តែក៏នឹងទាញយកពីវីដេអូ រូបភាព និងសំឡេងផងដែរ។
Google គ្រោងនឹងបំពាក់សមិទ្ធផលដែលកើតចេញពីការអភិវឌ្ឍបញ្ញាសិប្បនិម្មិតខាងលើទៅក្នុងបណ្ដាផលិត ផលរបស់ខ្លួន ក្នុងនោះក៏រួមមានទាំង Youtube និង Google Translate ផងដែរ។
Google មិនមែនជាក្រុមហ៊ុនតែមួយដែលមានមហិច្ឆតាដូចខាងលើឡើយ។ កាលពីដើមឆ្នាំនេះ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook ក៏បានប្រកាសគម្រោងមួយដែលមានឈ្មោះថា «No Language Left Behind» (មិនមានភាសាណាមួយត្រូវទុកចោល)។ គម្រោងរបស់ Meta នេះ បានកំណត់គោលដៅបង្កើតប្រព័ន្ធដែលអាចបកប្រែរាប់រយភាសានៅក្នុងពិភពលោក៕