ម៉ូតូអគ្គិសនី Kymco Like 125 EV របស់ក្រុមហ៊ុនតៃវ៉ាន់ ត្រូវបានបំពាក់បច្ចេកវិទ្យាទំនើប អាចជិះបាន 199 គីឡូម៉ែត្រ បន្ទាប់ពីបានបញ្ចូលថាមពលពេញ។
Kymco Like 125 EV ត្រូវបានដាក់លក់ក្នុងទីផ្សារនៅ ទ្វីបអឺរ៉ុប ហើយថ្មីៗនេះមានព័ត៌មានថា វាអាចត្រូវបាននាំចូលទីផ្សារនៅ ទ្វីបអាស៊ី និង អាម៉េរិកខាងជើង។ ប្រការនេះមិនមានអ្វីចម្លែក ដោយសារថា Kymco ដែលជាយីហោរបស់ ចិនតៃវ៉ាន់ បានមានវត្តមាននៅ ទ្វីបអាស៊ី រួចហើយ។
ម៉ូតូអគ្គិសនី Kymco Like 125 EV ត្រូវបានបំពាក់ម៉ាស៊ីនដើរដោយអគ្គិសនីមួយគ្រឿងដែលមានកម្លាំងឡើងដល់ 3,200W ហើយម៉ាស៊ីននេះត្រូវបានចាត់ទុកថាល្អខ្លាំងសម្រាប់បរិស្ថាន និងមានមុខងារប្រហាក់ប្រហែលនឹងម៉ាស៊ីនចំហេះក្នុង។
ម៉ូតូនេះប្រើប្រាស់ថ្មផ្ទុកអគ្គិសនីដែលមានឈ្មោះថា Lonex អាចឱ្យជិះបាន 199 គីឡូម៉ែត្រ បន្ទាប់ពីបញ្ចូលថាមពលអគ្គិសនីបាន 1 ម៉ោង។ យោងតាមអាយុកាលរបស់ថ្ម ម៉ូតូនេះនឹងអាចបញ្ចូលថាមពលបានប្រហែល 1,000 លើក ដែលនេះត្រូវបានគេចាត់ទុកថាជាលក្ខណៈបច្ចេកទេសដ៏អស្ចារ្យ។
ឧបករណ៍ទំនើបនានានៅលើម៉ូតូ Kymco Like 125 EV មានដូចជាប្រព័ន្ធភ្លើង LED, នាឡិកា TFT ជាដើម អាចភ្ជាប់ជាមួយនឹងទូរស័ព្ទឆ្លាតវៃ សម្រាប់មុខងារកំណត់ទិស GPS ។ល។
ម៉ូតូអគ្គិសនី Kymco Like 125 EV មានរូបរាងស្រដៀងនឹងម៉ូតូប្រភេទ scooter និងប្រើប្រាស់លេខអូតូ ងាយស្រួលបើកបរ។ ម៉ូតូនេះមានទម្ងន់ត្រឹមតែ 99 គីឡូក្រាមប៉ុណ្ណោះ។ ចំណែកតម្លៃវិញ Kymco Like 125 EV ត្រូវបានដាក់លក់ត្រឹម 1,195 ដុល្លារអាម៉េរិក នៅទីផ្សារ អឺរ៉ុប ដែលនេះអាចនិយាយបានថា «ថោក» ពិតមែន៕