រដ្ឋាភិបាលឡាវ កំពុងមានផែនការផលិតជីវឥន្ធនៈដើម្បីរួមចំណែកក្នុងការកាត់បន្ថយការនាំចូលប្រេងសាំងពីបរទេស។
ថ្មីៗនេះ ក្រុមហ៊ុនឥន្ធនៈរដ្ឋឡាវ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន GAIA Petro របស់ កូរ៉េខាងត្បូង ដើម្បីចាប់ផ្ដើមអនុវត្តគម្រោងផលិតឥន្ធនៈជីវសាស្ត្រ (biofuel production project) ដែលមានតម្លៃ 20 លានដុល្លារអាម៉េរិក នៅ ប្រទេសឡាវ។
គម្រោងនេះនឹងមានរោងចក្រមួយសាងសង់នៅតំបន់ Dongphosy ក្នុងខណ្ឌ Hadxayfong នៃ រដ្ឋធានីវៀងចន្ទន៍។
ក្រុមហ៊ុនកូរ៉េខាងត្បូង AGIA Petro កាន់កាប់ភាគហ៊ុន 55% របស់គម្រោងនេះ ខណៈដែល 22.5% គ្រប់គ្រងដោយក្រុមហ៊ុនឥន្ធនៈរដ្ឋឡាវ និង 22.5% ផ្សេងទៀតគឺជាកម្មសិទ្ធិរបស់ក្រុមអ្នកវិនិយោគក្នុងស្រុក។
ក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នាខាងលើនេះ បានកំណត់គោលដៅថា នឹងផលិតសាំងជីវសាស្ត្រឱ្យបាន 500,000 លីត្រ/ថ្ងៃ។
តាមផែនការ ឆ្នាំដំបូងក្រុមហ៊ុនខាងលើអាចផ្គត់ផ្គង់សាំងប្រភេទនេះប្រមាណ 10 លានលីត្រជារៀងរាល់ខែ។ បរិមាណសាំងជីវសាស្ត្រនឹងកើនឡើង 20% ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំទីពីរ។
ឥន្ធនៈជីវសាស្ត្រ ឬជីវឥន្ធនៈ គឺជាឥន្ធនៈដែលត្រូវបានផលិតឡើងដោយប្រើពេលខ្លី ពីជីវម៉ាស ជំនួសឱ្យដំណើរការតាមធម្មជាតិដែលស៊ីពេលយូរមុននឹងបង្កើតបានជាឥន្ធនៈហ្វូស៊ីល មានដូចជាប្រេងរ៉ែជាដើម៕