ក្រុមហ៊ុន​របស់ កូរ៉េខាងត្បូង បើក​រោងចក្រ​ផលិត​ម៉ូតូ​អគ្គិសនី​នៅ វៀតណាម

ក្រុមហ៊ុន​ផលិត​ម៉ូតូ​អគ្គិសនី Zio Motors របស់ កូរ៉េខាងត្បូង កាលពី​ថ្ងៃទី 31 តុលា បាន​សម្ពោធ​រោងចក្រ​មួយ​នៅ វៀតណាម ដែល​អាច​ផលិត​ម៉ូតូ​អគ្គិសនី​បាន​ប្រហែល 12,000 គ្រឿងក្នុង​មួយឆ្នាំ​នៅ​ដំណាក់កាល​ដំបូង។

តាម​ផែនការ ក្នុងដំណាក់កាល​ទីមួយ រោងចក្រ Zio Motors ដែលមាន​ទីតាំង​នៅក្បែរ រដ្ឋធានី​ហាណូយ នេះ នឹង​អាច​ផលិត​ម៉ូតូ​អគ្គិសនី​បាន 12,000 គ្រឿង/ឆ្នាំ ស្មើនឹង 1,000 គ្រឿង/ខែ។ ក្នុងដំណាក់កាល​ទី​ពីរ ឆ្នាំ 2025 រោងចក្រ​នេះ​គ្រោង​នឹង​ផលិត​ឱ្យបាន​ចាប់ពី 300,000 ដល់ 400,000 គ្រឿង/ឆ្នាំ។

ភ្ញៀវ​ដែល​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ខាងលើ ត្រូវបាន​អនុញ្ញាតឱ្យ​បើកបរ​សាកល្បង​ម៉ូតូ​អគ្គិសនី​ច្រើន​ម៉ូ​ដែល​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ​របស់ កូរ៉េខាងត្បូង ហើយ​គ្រោង​នឹងដាក់​លក់​ក្នុង​ទីផ្សារ​ប្រទេស​វៀតណាម នាពេលខាងមុខ។

យោងតាម​គម្រោង នៅ​ចុង​ឆ្នាំនេះ ក្រុមហ៊ុន Zio នឹងដាក់​លក់​ម៉ូតូ​អគ្គិសនី​ឆ្លាត​វៃ​គុណភាព​ខ្ពស់ ដើម្បី​ឆ្លើយតប​ទាន់ពេលវេលា​ទៅតាម​តម្រូវការ​ទីផ្សារ៕

Leave a Comment