កាលពីថ្ងៃទី 31 តុលា 2022 នៅ រដ្ឋធានីវៀងចន្ទន៍ ក្រសួងថាមពលនិងរ៉ែ បានបើកវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីក្រោមប្រធានបទ «ការតភ្ជាប់ថាមពលជំនួសទៅក្នុងបណ្ដាញបញ្ជូន» (Grid Integration of Renewable Energy) ចាប់ពីថ្ងៃទី 31 តុល ដល់ 30 វិច្ឆិកា 2022។
ពិធីបើកវគ្គខាងលើ មានការចូលរួមរបស់ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការរបស់ ក្រសួងថាមពលនិងរ៉ែឡាវ និងលោក Dan Heldon ឯកអគ្គរដ្ឋទូតរងអូស្ត្រាលីប្រចាំប្រទេសឡាវ រួមនឹង មន្ត្រីឡាវជាង 40 នាក់ផ្សេងទៀត។
កម្មវិធីបណ្ដុះបណ្ដាលនេះទទួលបានការឧបត្ថម្ភពី រដ្ឋាភិបាលអូស្ត្រាលី សហការជាមួយ សាកលវិទ្យាល័យជាតិអូស្ត្រាលី។ ការបណ្ដុះបណ្ដាលនេះត្រូវបានធ្វើឡើងដើម្បីផ្ដល់ចំណេះដឹង និងបច្ចេកទេសនៅក្នុងការប្ដូរផ្លាស់បន្តិចម្ដងៗទៅរកថាមពលដែលមិនបំភាយឧស្ម័នកាបូន គោលនយោបាយតភ្ជាប់ថាមពលជំនួសទៅក្នុងបណ្ដាញអគ្គិសនី និងគោលនយោបាយកាត់បន្ថយការបំភាយឧស្ម័នក្នុងគ្រប់វិស័យ។
វគ្គបណ្ដុះបណ្ដាលនេះនឹងរួមចំណែកក្នុងការលើកកម្ពស់ប្រភពធនធានមនុស្សសម្រាប់ការអភិវឌ្ឍ និងការប្រើប្រាស់ថាមពលស្អាតដើម្បីសម្រេចបានគោលដៅមិនបំភាយឧស្ម័នកាបូន Net-zero នៅឆ្នាំ 2050៕