Skip to content

អ៊ីឡុន ម៉ាស យក​ថ្លៃ​​ប្រើ​ប្រាស់​សេវា Twitter ព្រោះ​តែ «ត្រូវការ​ទូទាត់​ការ​ចំណាយ»

បន្ទាប់ពី​រងការ​រិះគន់​ដោយ​សារ​តែ​ការ​យក​ថ្លៃ​សេវា​ 20 ដុល្លារ​/ខែ មហា​សេដ្ឋី អ៊ីឡុន ម៉ាស និយាយ​ថា លោក​ត្រូវ​ការ​យក​ថ្លៃ​សេវា Twitter Blue ដើម្បី​ទូទាត់​ការ​ចំណាយ​ ជំនួស​ឱ្យ​ការ​ពឹង​ផ្អែក​ទៅលើ​តែ​ការ​ផ្សាយ​ពាណិជ្ជកម្ម​។

«ប្រព័ន្ធ​បែង​ចែក​ព្រះអម្ចាស់ និង​កសិករ​បច្ចុប្បន្ន​របស់ Twitter តាម​រយៈ​ការ​មាន ឬ​មិន​មាន​សញ្ញា​ធិច​ពណ៌​ផ្ទៃមេឃ​​គឺជា​រឿង​ផ្ដេស​ផ្ដាស។ អំណាច​សម្រាប់​មនុស្ស​គ្រប់​គ្នា។ ពណ៌ផ្ទៃ​មេឃ​មាន​តម្លៃ​ 8 ដុល្លារ​អាម៉េរិក​/ខែ» លោក ម៉ាស បង្ហោះ​សារ​ដូច្នេះ​កាលពីថ្ងៃទី​ 02 វិច្ឆិកា។

ប្រតិកម្ម​របស់​លោក ម៉ាស ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី​មាន​ព័ត៌មាន​ថា Twitter គ្រោង​នឹង​យក​ថ្លៃ​សេវា 20 ដុល្លារ​រាល់​ខែ​ចំពោះ​គណនី Twitter Blue ដែល​ចុះ​ឈ្មោះ​ថ្មី​។ Blue គឺជា​គណនី​ត្រូវបង់ថ្លៃ​សម្រាប់​អ្នក​ប្រើប្រាស់​ Twitter ដែល​​បង្ហាញ​តាម​រយៈ​អ៊ីនធើហ្វេស (interface) ពណ៌​ផ្ទៃមេឃ​នៅ​ពេល​ចូល​ទៅ​ប្រើប្រាស់​។ ម្ចាស់​គណនី​ប្រភេទ​នេះ​នឹង​ទទួល​បាន​សិទ្ធិ​បន្ថែម​មួយ​ចំនួន​ដូចជា​ ការ​កែប្រែ​សារ មើល​បញ្ជី​អត្ថបទ​ដំបូង​ៗ​របស់​អ្នក​ដែល​ពួក​គេ​តាមដាន​ សិទ្ធិ​ប្រើប្រាស់ដោយ​មិន​មាន​ការ​រំខាន​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ការប្រើ​ប្រាស់​រូប​សំណាង NFT ។ល។

តម្លៃ​សេវា​ 20 ដុល្លារ​ បាន​ទទួល​ការ​រិះ​គន់​ និង​ការ​មន្ទិល​ច្រើន​ពី​អ្នក​លេង​ Twitter ក្នុង​នោះ​មាន​ទាំង​អ្នក​និពន្ធ​ល្បី​ឈ្មោះ​ ជនជាតិ​អាម៉េរិក Stephen King ដែល​មាន​អ្នក​តាមដាន​ជិត 7 លាន​នាក់​នៅ​លើ​បណ្ដាញ​សង្គម​នេះ​។ «20 ដុល្លារ​អាម៉េរិក​ក្នុង​ 1 ខែ​ គឺ​គ្រាន់​តែដើម្បី​​រក្សា​សញ្ញា​ធិច​ពណ៌​ផ្ទៃមេឃ​នៅ​លើ​គណនី​របស់​ខ្ញុំ?» លោក King ដាក់​ជា​សំណួរ​ដូច្នេះ​។

ក្រោយ​មក លោក​ ម៉ាស បាន​ឆ្លើយ​តប​ថា «ខ្ញុំ​ត្រូវ​បាន​ទូទាត់​ការ​ចំណាយ​តាម​រយៈ​វិធី​ណា​មួយ​។ Twitter មិន​អាច​ពឹង​ផ្អែក​ទៅ​លើ​តែ​​ការ​ផ្សាយ​ពាណិជ្ជកម្ម​នោះទេ​។ ដូច្នេះ​ តម្លៃ​ 8 ដុល្លារ​​ វា​យ៉ាង​ណា​ដែរ?»។

នៅ​ក្នុង​សារ​ជា​ច្រើន​បន្តបន្ទាប់​មក​ទៀត​នៅ​ក្នុង​ថ្ងៃទី 02 វិច្ឆិកា លោក ម៉ាស បន្ត​រម្លឹក​ដល់​តម្លៃ​ 8 ដុល្លារ​ និង​ចែក​រំលែក​ផែនការ​ថ្មី​។ មហា​សេដ្ឋី​រូប​នេះ​ឱ្យ​ដឹង​ថា អ្នក​ចុះ​ឈ្មោះ​ Blue នឹង​ទទួល​បាន​សិទ្ធិ​អាទិភាព​ទាក់​ទង​នឹង​ការ​ស្វែង​រក​ ទទួល​បាន​ជំនួយ​ខ្លឹមសារ​សំឡេង​ និង​វីដេអូ​​ខ្នាត​វែង​ជាង ហើយ​ការ​បង្ហាញ​ខ្លឹម​សារ​ផ្សាយ​ពាណិជ្ជកម្មមាន​កម្រិត​​តិច​ជាង​ពាក់​កណ្ដាល​ធៀប​នឹង​គណនី​មិន​គិត​ថ្លៃ​។ ចំណែក​អ្នក​ធ្វើ​វីដេអូ អ្នក​និពន្ធ​ដែល​ធ្វើ​ការ​នៅ​លើបណ្ដាញ​សង្គម​នេះ​ក៏​នឹង​ត្រូវ​បាន​បន្ធូរបន្ថយ​ថ្លៃ​សេវា​។ «ប្រការ​នេះ​នឹង​នាំ​មក​នូវ​ប្រភព​ចំណូល​មួយ​ដើម្បី​ផ្ដល់​រង្វាន់​ដល់​អ្នក​ផលិត​ខ្លឹម​សារ​» លោក​ ម៉ាស បន្ថែមដូច្នេះ​។

ក្នុង​ tweet ថ្មី​បំផុត លោក​ ម៉ាស ថែម​ទាំង​បាន​រម្លឹក​អំពីការ​តវ៉ានៅ​លើបណ្ដាញ​សង្គម​នេះ​។ យោងតាម​លោក​ ម៉ាស គ្រប់គ្នា​ «អាច​តវ៉ា​បាន​គ្រប់​ពេល​ ប៉ុន្តែ​នឹង​ត្រូវ​ចំណាយ​ 8 ដុល្លារ​»។ យ៉ាង​នេះ​ក្ដី លោក​ ម៉ាស មិន​បាន​និយាយ​ច្បាស់​ថា ការ​ចំណាយ​នេះ​សម្រាប់​តែ​ការ​តវ៉ា​ម្ដង ឬ​ច្រើន​ដង​/ថ្ងៃ ឬ​ប្រចាំ​ខែ​នោះទេ​។

យោង​តាម​ CNN ឥរិយាបថ​ខាងលើ​​របស់លោក ម៉ាស បង្ហាញ​ថា គាត់​កំពុង​ផ្ដោត​យ៉ាង​ខ្លាំងទៅ​លើ​ការ​​ដោះ​ស្រាយ​បញ្ហា​បង្កើន​ប្រាក់​ចំណូល​ និង​ចំណេញ​សម្រាប់​ Twitter ដែលបណ្ដាញ​សង្គម​នេះ​បាន​​​ខាតអស់​​មួយ​រយៈ​ពេលមក​ហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *