ប្រទេសចិន កាលពីថ្ងៃទី 29 តុលា បានបញ្ចេញកប៉ាល់ផ្ទុកកុងតឺន័រខ្នាតយក្សពីរគ្រឿងដែលមានបណ្ដោយជិត 400 ម៉ែត្រ និងអាចផ្ទុកបានរហូតដល់ 24,346 កុងតឺន័រប្រភេទ 20 feet។
កប៉ាល់ផ្ទុកកុងតឺន័រខាងលើដែលត្រូវបានសាងសង់ដោយក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Jiangsu Yangzi Xinfu Shibuilding ត្រូវបានបញ្ចេញពីរោងចក្រនៅក្នុងទីក្រុង Taixing នៃខេត្ត Jiangsu ភាគខាងកើតប្រទេសចិន កាលពីថ្ងៃទី 29 តុលា។
កប៉ាល់នីមួយៗអាចផ្ទុកបាន 24,346 TEU ឬកុងតឺន័រស្ដង់ដា 20 feet ដែលនេះក៏ជាការបំបែកកំណត់ត្រាថ្មីនៅក្នុងវិស័យសាងសង់កប៉ាល់កុងតឺន័រខ្នាតយក្សរបស់ពិភពលោក។
កប៉ាល់ទាំងពីរគ្រឿងខាងលើសុទ្ធតែមានបណ្ដោយ 399.99 ម៉ែត្រ និងទទឹង 61.3 ម៉ែត្រ ហើយទំហំរបស់ដំបូលកប៉ាល់ (ship’s deck) ឡើងដល់ 24,000 ម៉ែត្រក្រឡា ធំជាង 3.5 ដង បើធៀបនឹងទីលានបាល់ទាត់ស្ដង់ដា។
កប៉ាល់ទាំងនេះនឹងត្រូវប្រគល់ឱ្យអតិថិជននៅក្នុងខែកុម្ភៈ 2023 ក្រោយពីបានបំពាក់ឧបករណ៍ចុងក្រោយ និងសាកល្បងធ្វើដំណើរលើសមុទ្ររួចរាល់។
កប៉ាល់កុងតឺន័រខ្នាតយក្ស គឺជាកប៉ាល់ដែលមានកម្លាំងផ្ទុកចាប់ពី 10,000 TEU ឡើងទៅ។ វិស័យសាងសង់កប៉ាល់របស់ ប្រទេសចិន កំពុងបន្តនាំមុខគេនៅក្នុងទីផ្សារអន្តរជាតិក្នុងអំឡុង 3 ត្រីមាសដើមឆ្នាំ 2022 ក្នុងនោះ បណ្ដាកប៉ាល់កុងតឺន័រដែលមានកម្លាំងផ្ទុកលើសពី 10,000 TEU កាន់កាប់ 51.7% នៃចំណែកទីផ្សារទូទាំងពិភពលោក៕