ដំណើរការស្ថាបនាអាកាសយានដ្ឋាន Bokeo របស់ ប្រទេសឡាវ បច្ចុប្បន្នសម្រេចបាន 86% ហើយគ្រោងនឹងបើកដំណើរសម្រាប់ការហោះហើរក្នុងស្រុកចាប់ពីចុងឆ្នាំនេះ។
តាមផែនការ ជើងហោះហើរក្នុងស្រុករវាង រដ្ឋធានីវៀងចន្ទន៍ និង Bokeo នឹងដំណើរការនៅថ្ងៃចន្ទ ពុធ និងថ្ងៃសៅរ៍រៀងរាល់សប្ដាហ៍ បន្ទាប់មកនឹងបើកឱ្យមានជើងហោះហើរអន្តរជាតិ។
គម្រោងព្រលានយន្តហោះ Bokeo ដែលត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីខែកញ្ញា 2020 ត្រូវបានរំពឹងថា នឹងទាក់ទាញទេសចរកាន់តែច្រើនសម្រាប់ភាគខាងជើងប្រទេសនេះ ជាទីដែលមានតំបន់កំសាន្តសម្បូរបែប និងអាចអូសទាញភ្ញៀវពី ប្រទេសចិន។
ព្រលានយន្តហោះ Bokeo ស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេស និងមានទំហំ 300 ហិកតា។ នេះគឺជាព្រលានយន្តហោះទីពីររបស់ខេត្ត Bokeo។ ព្រលាននេះអាចទទួលយន្តហោះខ្នាតធំ មានដូចជា Boeing 747 និង Airbus 320 ជាដើម។
អគារទទួលភ្ញៀវរបស់ព្រលានយន្តហោះ Bokeo អាចដាក់មនុស្សបាន 600 នាក់ ហើយនៅពេលដាក់ឱ្យដំណើរការពេញលេញ វានឹងអាចទទួលអ្នកដំណើរបានពី 1.5 លាន ទៅ 2 លាននាក់/ឆ្នាំ។
ព្រលានដែលត្រូវបានសាងសង់តាមទម្រង់សម្បទាន 50 ឆ្នាំនេះ ត្រូវបានអនុវត្តដោយក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍ Greater Bay Area Investment and Development (HK) Limited ដែលជាសមាជិកមួយរបស់ Dok Ngiew Kham Group និងមានទីស្នាក់ការនៅ ហុងកុង។ ខ្ទង់ប្រាក់វិនិយោគសម្រាប់ គម្រោងនេះ គឺ 157 លានដុល្លារអាម៉េរិក៕