នៅថ្ងៃទី11 ខែតុលា ឆ្នាំ2017 សារព័ត៌មាន BBC បានចេញផ្សាយឱ្យដឹងថា អ្នកនាង Angelina Jolie និងអ្នកនាង Gwyneth Paltrow ដែលជាតារាសម្ដែងល្បីប្រចាំហូលីវូដ បានចេញមកសារភាពថា ពួកអ្នកនាង និងស្ត្រីជាច្រើនរូបទៀតសុទ្ធតែធ្លាប់រងការបំពានផ្លូវភេទយ៉ាងធ្ងន់ធ្ងរពីអ្នកផលិតកម្មវិធីម្នាក់ដែលមានឈ្មោះថា Harvey Weinstein។
អ្នកនាង Angelina Jolie បានហែកស្បែកមុខបុរសចំណាស់ម្នាក់នេះថា “នាងខ្ញុំធ្លាប់មានបទពិសោធអាក្រក់ៗជាមួយនឹងអ្នកផលិតកម្មវិធី Harvey Weinstein នៅអំឡុងពេលដែលនាងខ្ញុំនៅជាយុវវ័យនៅឡើយ ទើបនាងខ្ញុំបានសម្រេចចិត្តមិនបន្ដធ្វើការងារជាមួយនឹងគាត់ទៀត ព្រមទាំងបានដាស់តឿនដល់អ្នកផ្សេងៗទៀត មិនឱ្យចូលរួមការងារជាមួយបុរសចំណាស់ម្នាក់នេះ។ ការធ្វើបែបនេះដាក់ស្ត្រីភេទ គឺជារឿងរំលោភបំពានសុទ្ធសាធ នឹងមិនអាចលើកលែងទោសឱ្យបានឡើយ”។
យ៉ាងណាមិញ មិនមែនមានតែតារាស្រី Angelina Jolie តែម្នាក់នោះទេដែលបានចេញមកបកស្រាយរឿងរបស់អ្នកផលិតកម្មវិធីរោគចិត្តមួយនេះ តែនៅមានអ្នកនាង Gwyneth Paltrow ដែលបានរៀបរាប់ដោយមិនលាក់បាំងប្រាប់អ្នកសារព័ត៌មាន BBC ថា “នៅពេលនោះនាងខ្ញុំនៅក្មេងពេក ហើយទើបតែបានចុះកិច្ចសន្យាជាមួយគាត់ នៅពេលនោះនាងខ្ញុំមានអារម្មណ៍ភ័យខ្លាចណាស់។ ខណៈនោះ នាងខ្ញុំក៏បានប្រាប់ដល់ Brad Pitt ផងដែរ ព្រោះពួកយើងនៅទាក់ទងគ្នានៅឡើយ ។ ហើយគាត់បានចេញមុខការពារនាងខ្ញុំពី Harvey Weinstein ដែរ។ ទោះយ៉ាងនោះក៏ដោយ ក្រោយកើតហេតុ នាងខ្ញុំបានគិតថា គាត់គង់តែនឹងបណ្ដេញខ្ញុំចេញដូចតែគ្នាទេ”។
គួរបញ្ជាក់ផងដែរថា បើទោះមានការអះអាងពីនារីរងគ្រោះដោយការរំលោភបំពានផ្លូវភេទជាច្រើននាក់ដោយសារលោក Harvey Weinstein ក៏ដោយ ក៏ប៉ុន្ដែរហូតមកទល់ពេលនេះ បុរសចំណាស់រូបនេះនៅតែអះអាងប្រាប់អ្នកសារព័ត៌មានថា លោកត្រូវបានគេចោទទាំងបំពាន និងប្រឌិតរឿងដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់លោក៕