Skip to content

ក្រសួងពាណិជ្ជកម្ម ស្នើឱ្យ​អ្នកជំនួញ «កែតម្រូវ​សកម្មភាព និង​ខ្លឹមសារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម» តាម​គ្រប់​រូបភាព

គណៈកម្មាធិការ​ជាតិ​ការពារ​អ្នកប្រើប្រាស់ «គ.ជ.ក.ប.» របស់ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា នៅ​ថ្ងៃទី 31 តុលា​នេះ បានចេញ​ជូនដំណឹង​មួយ​ស្ដីពី «ការកែតម្រូវ សកម្មភាព និង​ខ្លឹមសារ​ផ្សាយពាណិជ្ជកម្ម​ដែល​មិន​អនុលោម​ទៅនឹង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន» ដើម្បី​ការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់ និង​សង្គមជាតិ​ទាំងមូល។

នៅក្នុង​សេចក្ដីជូនដំណឹង​នេះ ក្រសួង​បានឱ្យដឹងថា «កន្លងមកនេះ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង បង្ក្រាប​ការ​ក្លែងបន្លំ «ក.ប.ប.» ដែលជា​សេនាធិការ​នៃ គ.ជ.ក.ប. បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​ទុក​រយៈពេល 30 (សាមសិប) ថ្ងៃ (ពីថ្ងៃ​ទី 8 ខែកញ្ញា 2022 ដល់​ថ្ងៃទី 8 តុលា 2022) ដើម្បី (អ្នក​ផ្សាយពាណិជ្ជកម្ម) កែតម្រូវ​សកម្មភាព និង​ខ្លឹមសារ​ផ្សាយពាណិជ្ជកម្ម​ដែល​មិន​អនុលោម​ទៅនឹង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន»…។

ក្រសួងពាណិជ្ជកម្ម បន្តថា «បុគ្គល​ផ្សាយពាណិជ្ជកម្ម ឬ​បុគ្គល​ទទួល​សិទ្ធិ​ឱ្យ​ចាត់ចែង​ផ្សាយពាណិជ្ជកម្ម នៅតែ​បន្តសកម្មភាព​ល្មើស ផ្សព្វផ្សាយ​ពាណិជ្ជកម្មរ​បស់​ខ្លួន​តាម​គ្រប់​ប្រភេទ ទម្រង់ និង​គ្រប់​មធ្យោបាយ មាន​លក្ខណៈ​ភូតកុហក បំភាន់​ការពិត អាចធ្វើឱ្យ​អ្នកប្រើប្រាស់​មានការ​យល់​ច្រឡំ​អំពី​ការទទួលបាន​នូវ​អត្ថប្រយោជន៍ផ្សេងៗ ប៉ះពាល់​ដល់​ដំណើរការ​ប្រកួតប្រជែង​ប្រកបដោយ​សុចរិត និង​កាត់បន្ថយ​ប្រសិទ្ធភាព​សេដ្ឋកិច្ច ដែល​ត្រូវបាន​ហាមឃាត់​ដោយ​ច្បាប់ និង បទ​ប្បញ្ញត្តិ ជា​ធរមាន ជាពិសេស​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់»។

ដើម្បី​ទប់ស្កាត់​នូវ​បញ្ហា​ខាងលើ ក្រសួងពាណិជ្ជកម្ម ក្រើនរំលឹក​ដល់​បុគ្គល​ផ្សាយពាណិជ្ជកម្ម ឬ​បុគ្គល​ទទួល​សិទ្ធិ​ឱ្យ​ចាត់ចែង​ផ្សាយពាណិជ្ជកម្ម ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ តាម​ខ្លឹមសារ នៃ​ច្បាប់ និង បទ​ប្បញ្ញត្តិ​ជា​ធរមាន។

ក្រសួង​ស្នើឱ្យ​បុគ្គល​ផ្សាយពាណិជ្ជកម្ម ឬ​បុគ្គល​ទទួល​សិទ្ធិ​ឱ្យ​ចាត់ចែង​ផ្សាយពាណិជ្ជកម្ម ត្រូវ​សហការ​ជាមួយ អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បី​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការផ្សាយពាណិជ្ជកម្ម ផ្តល់រ​ង្វាន់ និង កែតម្រូវ សកម្ម​ភាព និង​ខ្លឹមសារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រប​ស់​ខ្លួន ឱ្យ​ស្របតាម​ខ្លឹមសារ​នៃ​ច្បាប់ និង បទ​ប្បញ្ញត្តិ ក្នុង​រយៈពេល 3 (បី) ថ្ងៃ បន្ទាប់​ពីថ្ងៃ​ចេញ​សេចក្ដីជូនដំណឹង​នេះ។

ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ក្នុងករណី​រកឃើញថា បុគ្គល​ណាមួយ​នៅតែ​ប្រព្រឹត្តល្មើស ហើយ​មិនបាន​អនុវត្តតាម​ការណែនាំ​ខាងលើ គ.ជ.ក.ប. នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន៕

Leave a Reply

Your email address will not be published. Required fields are marked *