(សហរដ្ឋអាម៉រិក)-នេះគឺជាលើកដំបូងហើយដែល Stratolaunch សាកល្បងដឹកយានគំរូល្បឿនលឿនជាងសំឡេង Talon ដោយប្រើប្រាស់យន្តហោះធំជាងគេបង្អស់ក្នុងពិភពលោក កាលពីថ្ងៃទី 28 តុលា 2022។
យន្តហោះដឹកជញ្ជូនខ្នាតយក្ស Roc ដែលមានស្លាបវែងជាងព្រលានបាល់ទាត់ បាននាំយកយានគំរូសាកល្បង Talon-A (TA-0) ឡើងទៅលើដែនអាកាសរបស់សមុទ្រខ្សាច់ Mojave ក្នុងរដ្ឋ California។ ជើងហោះហើរនេះត្រូវបានធ្វើឡើងក្នុងបំណងបញ្ជាក់ថា Roc អាចដឹកយានល្បឿនលឿនជាងសំឡេងដែលត្រូវបានផលិតឡើងដើម្បីបង្ហោះចេញពីអាកាស។
យន្តហោះ Roc របស់ Stratolaunch ហោះឡើងពីព្រលានយន្តហោះ និងអវកាស Mojave ដឹកយានគំរូសាកល្បង Talon ប្រវែង 8.5 ម៉ែត្រ ភ្ជាប់ទៅនឹងសសរនៅកណ្ដាលស្លាបប្រវែង 117 ម៉ែត្រ។ ជើងហោះហើរនេះមានថេរវេលាជាង 5 ម៉ោង និងហោះក្នុងរយៈកម្ពស់ 7,000 ម៉ែត្រ។ ក្រុមហ៊ុន Stratolaunch ឱ្យដឹងថា ជើងហោះហើរនេះបានឆ្លើយតបគ្រប់យ៉ាងទៅនឹងគោលដៅដែលបានដាក់ចេញ។
ក្រុមហ៊ុន Stratolaunch ត្រូវបានបង្កើតឡើងដោយសហស្ថាបនិករបស់ Microsoft លោក Paul Allen ដើម្បីបាញ់បង្ហោះរ៉ុក្កែតពីអាកាសទៅកាន់បរិយាកាសផែនដី។ ក្រុមហ៊ុននេះកំពុងធ្វើតេស្តយាន Talon ដែលអាចហោះបានក្នុងល្បឿន Mach 6 (7.408 គីឡូម៉ែត្រ/ម៉ោង)។ ជើងហោះហើររបស់ TA-0 កាលពីថ្ងៃទី 28 តុលា គឺជាការហោះហើរសាកល្បងលើកទី 8 របស់យន្តហោះ Roc។
ក្រុមហ៊ុន Stratolaunch គ្រោងនឹងធ្វើការហោះហើរសាកល្បងនូវយានល្បឿនលឿនជាងសំឡេងពេញលេញដំបូងគឺ Talon-A TA-1 ក្នុងឆ្នាំ 2023 បើសិនការសាកល្បងទម្លាក់ក្នុងខែធ្នូខាងមុខទទួលបានជោគជ័យ។ ក្រុមហ៊ុននេះក៏កំពុងតែអភិវឌ្ឍកំណែ TA-2 និង TA-3 ដែលអាចប្រើប្រាស់ឡើងវិញទាំងស្រុងផងដែរ។
យោងតាម Space ក្រុមហ៊ុន Stratolaunch មានផែនការផ្ដល់សេវាកម្មហោះហើរដោយប្រើយានដែលមានល្បឿនលឿនជាងសំឡេងសម្រាប់រដ្ឋាភិបាល និងអតិថិជនក្នុងវិស័យពាណិជ្ជកម្មចាប់ពីឆ្នាំ 2023៕