ក្រុមអ្នកវិទ្យាសាស្ត្រនៅ California កំពុងបង្ហើយកិច្ចការផលិតកាមេរ៉ា 3,200 megapixel ទំហំប្រហែលនឹងរថយន្តមួយគ្រឿង ដែលត្រូវបានរំពឹងថា នឹងជួយឱ្យអ្នកវិទ្យាសាស្ត្ររកឃើញផ្កាយថ្មីរាប់ពាន់លានដួងបន្ថែមទៀត។
«ខ្ញុំកំពុងស្ថិតនៅក្នុងបន្ទប់ស្អាតមួយនៅ California ខាងជើង ជាមួយនឹងកាមេរ៉ាឌីជីថលធំជាងគេបង្អស់ក្នុងពិភពលក» Andy Altman និយាយដូច្នេះ។
«កាមេរ៉ាលើដៃខ្ញុំនេះមានតម្លៃប្រហែល 6,000 ដុល្លារអាម៉េរិក។ ចំណែកមួយគ្រឿងនៅខាងក្រោយខ្ញុំមានតម្លៃ 168,000,000 ដុល្លារអាម៉េរិក។ នេះគឺជាឱកាសដ៏កម្រដែលយើងបានមើលគ្រឿងប្រដាប់ខាងក្នុងរបស់កាមេរ៉ានេះ ដោយសារតែគម្របមិនទាន់បិទ។ យើងអាចមើលឃើញរាល់ឧបករណ៍ និងសេនសឺរ»។
អ្នកធ្លាប់បានឮគេនិយាយដល់តេឡេស្កុប Hubble ហើយថ្មីៗនេះគឺតេឡេស្កុប James Webb។ ពេលនេះចូរត្រៀមសម្រាប់មើលតេឡេស្កុបដ៏អស្ចារ្យបន្ទាប់ ដែលត្រូវបានគេរំពឹងថា នឹងរកឃើញផ្កាយថ្មីរាប់ពាន់លានដួង រុករកវត្ថុអវកាសថ្មីរាប់លាននៅក្នុងប្រព័ន្ធព្រះអាទិត្យ និងកែប្រែវិធីដែលយើងមើលចក្រវាលនាបច្ចុប្បន្ន។
កាមេរ៉ានេះមានទំហំប៉ុនកូនឡានមួយគ្រឿង និងជាចំណុចស្នូលនៃការរុករកបេតិកភណ្ឌអវកាស និងពេលវេលា (LSST) ដែលជាគម្រោងមួយមានរយៈពេល 10 ឆ្នាំ ដើម្បីបង្កើតផែនទីសម្រាប់ផ្ទៃមេឃទាំងមូលនៅទិសខាងត្បូងប្រកបដោយភាពលម្អិត។
តើលម្អិតដល់កម្រិតណា?
កាមេរ៉ា 3,200 megapixel នេះខ្លាំងរហូតដល់ថ្នាក់ អាចមើលឃើញកូនបាល់ golf មួយគ្រាប់ដែលស្ថិតនៅចម្ងាយ 24 គីឡូម៉ែត្រ។ នៅពេលគម្រោងដែលមានរយៈពេល 10 ឆ្នាំនេះបានបញ្ចប់ជាស្ថាពរ ក្រុមអ្នកវិទ្យាសាស្ត្រក៏នឹងបង្កើតបានភាពយន្ត 3D មួយស្ដីពីផ្ទៃមេឃ បង្ហាញអំពីរបៀបដែលវត្ថុអវកាសរាប់ទ្រីលានផ្លាស់ទីជាមួយគ្នា រួមនឹងរបៀបដែលពន្លឺត្រូវកាច់ឱ្យកោងនៅជុំវិញវត្ថុអវកាសខ្នាតយក្ស និងដំណើរការនៃការវិវត្តរាប់ពាន់លានឆ្នាំរបស់ប្រព័ន្ធផ្កាយ និងកាឡាក់ស៊ី។
នៅពេលការផលិតបានរួចរាល់ កាមេរ៉ា LSST នឹងក្លាយជា «បេះដូង» របស់ស្ថានីយសង្កេតតារា Vera C. Rubin នៅតំបន់ភ្នំភាគខាងជើងនៃ ប្រទេសស៊ីលី។
ក្នុងបន្ទប់ពិសោធម៉ាស៊ីនបង្កើនល្បឿន SLAC នៅក្បែរសាកលវិទ្យាល័យ Stanford ក្រុមអ្នកវិទ្យាសាស្ត្រកំពុងតែបន្ថែមឧបករណ៍ចុងក្រោយសម្រាប់កាមេរ៉ាធំជាងគេបង្អស់នេះ។ ដូចទៅនឹងកាមេរ៉ាទូរស័ព្ទ គ្រប់យ៉ាងចាប់ផ្ដើមពីឡែន។ ប៉ុន្តែ កាមេរ៉ានេះមានប្រវែង 4 ម៉ែត្រ ហើយឡែនមានអង្កត់ផ្ចិត 1.5 ម៉ែត្រ។ នេះគឺជាកំណត់ត្រាពិភពលោកមួយ ហើយវាត្រូវការពេល 5 ឆ្នាំក្នុងការផលិត។
ក្រោយពីឆ្លងកាត់ឡែន ពន្លឺនឹងរត់ដល់កញ្ចក់ចម្រាញ់មួយក្នុងចំណោម 6 ឬច្រើនជាងនេះ។ កញ្ចក់ចម្រាញ់ពន្លឺនីមួយៗត្រូវបានផលិតឡើងដើម្បីប្រមូលពន្លឺតាមប្រភេទកាំនៅក្នុងវិសាលគមពន្លឺ ចាប់ពីកាំរស្មីអ៊ុលត្រាវីយូឡេ រហូតដល់កាំរស្មីជិតអ៊ីនហ្វ្រារ៉េដ។ បន្ទាប់ពីត្រូវបានចម្រាញ់ ពន្លឺកនឹងចូលទៅដល់ចំណុចផ្ដិតយករូបភាពដែលមានអង្គញាណ ឬហៅថា សេនសឺរដោយឡែកចំនួន 189។
វីដេអូនេះបង្ហាញថា ក្រុមការងារកំពុងដំឡើងសេនសឺរចំនួន 25 ក្រុម ក្នុងរយៈពេល 6 ខែ។ ក្រុមនីមួយៗមានតម្លៃ 3 លានដុល្លារ។
ក្រុមអ្នកវិទ្យាសាស្ត្របានសាកល្បងឧបករណ៍ផ្ដិតយករូបភាពរបស់កាមេរ៉ានេះកាលពីឆ្នាំកន្លង និងបង្កើតបានជារូបភាពដូចនាទីចុងក្រោយក្នុងវីដេអូនេះ។
LSST នឹងឆ្លងកាត់ការធ្វើតេស្តជាច្រើននៅក្នុងប៉ុន្មានខែខាងមុខ មុននឹងត្រូវបានដឹកទៅកាន់ ប្រទេសស៊ីលីនៅខែឧសភាឆ្នាំក្រោយ ដើម្បីដំណើរការ និងប្រើប្រាស់នៅក្នុងស្ថានីយសង្កេតតារានៅទីនោះ៕