ទ្រព្យសម្បត្តិរបស់នាយកប្រតិបត្តិនៃក្រុមហ៊ុន Meta បន្តថយចុះអស់ 11 ពាន់លានដុល្លារទៀតនៅក្នុងសប្ដាហ៍នេះ ធ្វើឱ្យទំហំទឹកប្រាក់ដែលគាត់បានបាត់បង់ ឡើងដល់ជាង 100 ពាន់លានដុល្លារ ក្នុងរយៈពេល 13 ខែកន្លង។
សារព័ត៌មាន Bloomberg បានផ្សាយថា ទ្រព្យបច្ចុប្បន្នរបស់លោក Zuckerberg គឺ 38.1 ពាន់លានដុល្លារ តិចជាងឆ្ងាយធៀបនឹង 142 ពាន់លានដុល្លារកាលពីខែកញ្ញា 2021។ ក្នុងឆ្នាំនេះ ទ្រព្យរបស់មហាសេដ្ឋីភាគច្រើនក្នុងពិភពលោកសុទ្ធតែបានថយចុះ ប៉ុន្តែ ក្នុងចំណោមនោះ លោក Zuckerberg គឺជាអ្នកដែលបានបាត់បង់ទ្រព្យច្រើនជាងគេបង្អស់។
យោងតាមប្រកាសថ្មីបំផុតរបស់ Meta បច្ចុប្បន្នលោក Zuckerberg កាន់កាប់ភាគហ៊ុន Meta ជាង 350 លានហ៊ុន។ ឆ្នាំ 2018 លោក Zuckerberg ធ្លាប់យកឈ្នះលើមហាសេដ្ឋី Warren Buffett និងក្លាយជាអ្នកមានជាងគេលំដាប់ទីបីក្នុងពិភពលោក បន្ទាប់ពី Jeff Bezos និង Bill Gates។ ក៏ប៉ុន្តែ ចំណាត់ថ្នាក់របស់ម្ចាស់ Facebook បច្ចុប្បន្ន បានធ្លាក់ដល់ទី 23 ទៅហើយ។
យោងតាមក្រុមអ្នកវិភាគ បច្ចុប្បន្ន Meta កំពុងជួបបញ្ហាធំទាក់ទងនឹងមហិច្ឆតា metaverse ដោយសារតែការចំណាយទៅលើការអភិវឌ្ឍបច្ចេកវិទ្យានេះកើនឡើងខ្ពស់ នាំឱ្យក្រុមអ្នកវិនិយោគបាត់បង់ទំនុកចិត្ត។ តម្លៃភាគហ៊ុនរបស់ Meta បច្ចុប្បន្នស្ថិតនៅត្រឹម 100 ដុល្លារ/ហ៊ុន ដែលជាកម្រិតទាបបំផុតរាប់ចាប់ពីឆ្នាំ 2016។
លោក Zuckerberg ក៏ទទួលស្គាល់បញ្ហាខាងលើ។ ប៉ុន្តែ គាត់យល់ថា អនាគតរបស់ Meta គឺពិភព metaverse ហើយអ្នកវិនិយោគដែលមានការអត់ធ្មត់នឹងទទួលបានការតបស្នងយ៉ាងស័ក្ដិសម៕