ភ្នំពេញ៖ ដើម្បីលើកកម្ពស់ជីវភាពកម្មករ-កម្មការិនីក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង រាជរដ្ឋាភិបាលបានសម្រេចចំណាយថវិកាជាតិក្នុងមួយឆ្នាំប្រមាណជា40លានដុល្លារ ដើម្បីបង្គ្រប់ប្រាក់ខែកម្មករឱ្យបានដល់ 170ដុល្លារចាប់ពីឆ្នាំ2018 ខាងមុខតទៅ។
ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ2017-2025 នៅវិមានសន្តិភាព ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្តែងការអបអរសាទរចំពោះការស្រុះស្រួលគ្នាលើការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ-និយោជិតនៅឆ្នាំ2018 ដែលព្រមទទួលយកតួលេខ165ដុល្លារ និងការបន្ថែមពីលើដោយរាជរដ្ឋាភិបាល 5ដុល្លារទៀតស្មើ170ដុល្លារ។
ការបន្ថែម 5ដុល្លារពីលើប្រាក់ឈ្នួលរបស់កម្មករនៅឆ្នាំ2018នេះ ធ្វើឱ្យរាជរដ្ឋាភិបាលខាតបង់ជាង 40លានដុល្លារអាមេរិកតាមរយៈការអនុគ្រោះពន្ធកាត់ទុក ដោយពន្យាររហូតដល់ឆ្នាំ2022 និងការយកប្រាក់កម្រៃលើការនាំចេញ។
យោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ2018 បានកំណត់ថា ប្រាក់បៀវត្សរ៍ចាប់ពី1លាន 2សែនរៀលឡើងទៅទើបជាប់ពន្ធ។ សម្តេចរំពឹងថា រដ្ឋសភានឹងគាំទ្រចំពោះច្បាប់ថវិកាជាតិថ្មីនេះ និងស្នើឱ្យពិចារណាធ្វើយ៉ាងណាកុំឱ្យមានគម្លាតគ្នាខ្លាំងលើប្រាក់ឧបត្ថម្ភពេលមរណភាព ទាំងមរណភាពធម្មតា និងក្នុងពេលបេសកកម្មរវាងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។
សូមរំឭកថា ក្រៅពីប្រាក់ខែ170ដុល្លារនេះហើយ កម្មករ-កម្មការនីក៏នៅមានប្រាក់ខែឧបត្ថម្ភផ្សេងៗទៀត ក្នុងនោះមានដូចជា ៖
-ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន 7ដុល្លារអាមេរិកក្នុងមួយខែ។
-ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន10ដុល្លារក្នុងមួយខែ។
-ប្រាក់ថ្លៃបាយធ្វើការបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន 2,000រៀលក្នុងមួយថ្ងៃ ឬទទួលបានបាយដោយឥតគិតថ្លៃ។
-និងប្រាក់រង្វាន់អតីតភាពការងារចំនួន 2ដុល្លារដល់11ដុល្លារក្នុងមួយខែ សម្រាប់កម្មករ-និយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី2 ដល់ឆ្នាំទី11 ។
ដូច្នេះ ជាមធ្យមនិយោជិតម្នាក់នឹងទទួលបានប្រាក់បៀវត្សរ៍យ៉ាងតិចពី 187ដុល្លារ ទៅដល់198 ដុល្លារក្នុងមួយខែ៕