អនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្ដិការជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជា ទៅកាន់ ប្រទេសចិន របស់ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មកម្ពុជា និង មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងសៀមិន ត្រូវបានចុះហត្ថលេខានៅ ប្រទេសចិន រួចហើយ។
ពិធីចុះហត្ថលេខាលើនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី 27 តុលា នៅ ទីក្រុងសៀមិន (Xiamen) ដោយមានវត្តមាន ឯកឧត្តម ឈួនដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមនឹងក្រសួង ស្ថាប័ន និងក្រុមមន្ត្រី និងតំណាងក្រុមហ៊ុនពាក់ព័ន្ធនឹងវិស័យសំបុកត្រចៀកកាំ។
អនុស្សរណៈនៃការយោគយល់គ្នានេះ ផ្ដោតទៅលើសកម្មភាពនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ រួមមាន៖ ការស្វែងរកដៃគូផលិត និងផ្គត់ផ្គង់ផលិតផលសំបុកត្រចៀកកាំ, កិច្ចគាំពារឱ្យមានការបង្កើត រោងចក្រកែច្នៃផលិតផលទឹកមាត់ត្រចៀកកាំ, ការជំរុញឱ្យមានការបើកច្រកពាណិជ្ជកម្ម លើផលិតផលទឹកមាត់ត្រចៀកកាំរវាងកម្ពុជា និងចិន, ការពង្រឹងបណ្តាញធុរកិច្ច តាមរយៈការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មផ្សេងៗ ដូចជា វេទិការធុរកិច្ច ជំនួបពាណិជ្ជកម្ម និងការចូលរួមពិព័រណ៍ពាណិជ្ជកម្មជាដើម នេះបើតាម ឯកឧត្តម កៅ កោសល អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម។
យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងសៀមិន លោក Mr. Zeng Youmin បានថ្លែងថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងសៀមិន មានបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការចិន-កម្ពុជា និងរួមចំណែកក្នុងការនាំចេញសំបុកត្រចៀកកាំកម្ពុជា ទៅកាន់ប្រទេសចិន។
ឯកឧត្តម ឈួន ដារ៉ា បានថ្លែងថា ក្រសួងពាណិជ្ជកម្ម គាំទ្រដល់មជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីក្រុងសៀមិន សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំផែនការជំរុញការនាំចេញផលិតផលសំបុកត្រចៀកកាំកម្ពុជា ទៅកាន់ទីផ្សារចិន។ គំនិតផ្តួចផ្តើមនេះគឺជាដំណឹងដ៏ល្អ និងជាឱកាសដ៏អស្ចារ្យសម្រាប់វិស័យពាណិជ្ជកម្មនៅ ប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានអះអាងថា ផលិតផលសំបុកត្រចៀកកាំកម្ពុជា នឹងអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិន បានយ៉ាងច្រើននាពេលអនាគតដ៍ខ្លីខាងមុខ ក្រោយពីអនុស្សារណៈនៃការយោគយល់នេះចូលជាធរមាន៕