ក្រោយរយៈពេលជាង 2 ឆ្នាំដែលត្រូវបានពន្យារពេលព្រោះតែបញ្ហាផ្លូវច្បាប់ Jay Y. Lee នាពេលថ្មីៗនេះ ទើបតែត្រូវបានជ្រើសរើសជាប្រធានក្រុមហ៊ុន Samsung Electronics ជាផ្លូវការ។
នាថ្ងៃទី 27 តុលា ក្រុមប្រឹក្សាភិបាលរបស់ Samsung Electronics បានអនុម័តលើការជ្រើសរើសលោក Jay Y. Lee ជាប្រធានក្រុមហ៊ុនដែលមានតម្លៃ 250 ពាន់លានដុល្លារអាម៉េរិកមួយនេះ។ មុននោះ លោកត្រូវបានគេជឿថា នឹងចូលកាន់តំណែងនេះក្រោយពីឪពុករបស់លោកគឺលោក Lee Kun-hee បានទទួលមរណភាពកាលពីឆ្នាំ 2020 ប៉ុន្តែ ត្រូវបានពន្យារពេលដោយសារតែការស៊ើបអង្កេតរបស់តុលាការទាក់ទងនឹងអំពើសូកប៉ាន់ ដែលនាំឱ្យទាយាទរបស់ Samsung រូបនេះត្រូវជាប់ពន្ធនាគារពីរលើក។
ការចូលកាន់តំណែងប្រធានក្រុមហ៊ុនជាផ្លូវការនេះ ទំនងជានឹងមិនអាចធ្វើឱ្យមានការប្ដូរផ្លាស់ច្រើនក្នុងរយៈពេលខ្លីឡើយ ព្រោះថា ជាក់ស្ដែង លោក Jay Y. Lee បានដឹកនាំក្រុមហ៊ុននេះក្នុងមួយរយៈពេលកន្លងមកហើយ។ ក៏ប៉ន្តែ មុខតំណែងផ្លូវការនេះអាចជួយឱ្យលោកកំណត់ទិសដៅសម្រាប់ Samsung ឆ្ពោះចូលទៅជ្រៅក្នុងវិស័យផលិតបន្ទះឈីបអេឡិចត្រូនិក (semiconductor) និងបច្ចេកវិទ្យាជីវសាស្ត្រ។
លោក Jay Y. Lee នឹងត្រូវនាំ Samsung ឆ្លងកាត់ដំណាក់កាលច្របូកច្របល់បំផុត រាប់ចាប់តាំងពីជីតា Lee Byung-Chull របស់លោក បានបង្កើតក្រុមហ៊ុននេះកាលពីឆ្នាំ 1938។ បណ្ដាប្រទេសធំៗដូចជា សហរដ្ឋអាម៉េរិក និង អឺរ៉ុប ជាដើម កំពុងជំរុញឱ្យ Samsung បង្កើនការវិនិយោគដើម្បីធានាប្រភពផ្គត់ផ្គង់បន្ទះឈីបអេឡិចត្រូនិក សម្រាប់ពួកគេ ពិសេសគឺនៅក្នុងស្ថានការណ៍ដែល វ៉ាស៊ីងតោន អនុវត្តយុទ្ធនាការដើម្បីកៀបមហិច្ឆតាក្នុងការផលិតបន្ទះឈីបអេឡិចត្រូនិក របស់ ប្រទេសចិន។
យោងតាមទិន្នន័យរបស់ Bloomberg លោក Lee កាន់កាប់ភាគហ៊ុន 1.63% នៅក្នុងក្រុមហ៊ុន Samsung Electronics និង 18.13% នៅក្នុងក្រុមហ៊ុន Samsung C&T។ បច្ចុប្បន្ន ប្រធានថ្មីរបស់ Samsung រូបនេះ មានទ្រព្យប្រហែល 5.9 ពាន់លានដុល្លារអាម៉េរិក៕